រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និងទីប្រឹក្សារដ្ឋ ជារដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ជួបពិភាក្សាការងារ នៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក កាលពីថ្ងៃសុក្រម្សិលមិញ។
ជំនួបប្រមុខការទូតនៃប្រទេសទាំងពីរ ក្រោយមានការប្រកួតប្រជែង និងភាពតានតឹងទូទាំងពិភពលោកនៅតែបន្តកើតមានរវាងទីក្រុងវ៉ាស៊ីនតោន និងប៉េកាំង។
ក្នុងជំនួបនោះពិភាក្សាអំពីភាពចាំបាច់ក្នុងការរក្សាទំនាក់ទំនងឲ្យបើកចំហ និងគ្រប់គ្រងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន ជាពិសេសក្នុងអំឡុងពេលមានភាពតានតឹង។
លោក Blinken បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការរក្សាសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ ស្របតាមគោលការណ៍ចិនតែមួយ ដែលក្រោមគោលការណ៍នេះ អាមេរិកទទួលស្គាល់តែរដ្ឋាភិបាលចិនប៉ុណ្ណោះ។
ទោះបីជាយ៉ាងណា ភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង បានកើនឡើងដល់កម្រិតខ្ពស់ថ្មី បន្ទាប់ពីប្រធានសភាអាមេរិក លោកស្រី Nancy Pelosi ទៅបំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់ ដែលបង្ហាញពីការមិនគោរពចំពោះការទាមទាររបស់ចិនចំពោះដែនកោះមួយនេះ៕