ខេត្តទាំង១០នេះ ទទួលបានភ្ញៀវទេសចរច្រើនវ៉ាដាច់គេ នាឱកាសបុណ្យភ្ជុំបិណ្ឌ៣ថ្ងៃ

កម្សាន្ត

កម្ពុជាទទួលបានភ្ញៀវទេសចរសរុបជាង១លាន២សែននាក់ នាពិធីបុណ្យភ្ជុំបិណ្ឌនិងការដើរកម្សាន្តរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៦ ខែកញ្ញា ឆ្នាំ២០២២ ក្នុងនោះគេសង្កេតឃើញមាន ខេត្តរបស់កម្ពុជាទាំង១០នេះ គឺទទួលបានភ្ញៀវច្រើនជាងគេដាច់ នាឱកាសបុណ្យភ្ជុំបិណ្ឌចំនួន៣ថ្ងៃនេះផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍កម្ពុជា នៅថ្ងៃទី២៧ ខែ កញ្ញា ឆ្នាំ២០២២ បង្ហាញថា នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃ ២៤-២៦ ខែកញ្ញា ឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរសរុបទូទាំងប្រទេស១,២៥៩,១២១នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន១,២៤៤,៦៤២នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន១៤,៤៧៩នាក់។

ជាមួយគ្នានេះ ខេត្តដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេទាំង១០ (Top 10) សម្រាប់រយៈពេល៣ថ្ងៃនេះ រួមមាន៖១.ខេត្តបាត់ដំបង ២១០,១២២នាក់ ២.ខេត្តសៀមរាប ១៤៣,៤៧០នាក់ ៣.ខេត្តកែប ១១៦,៧៧៦នាក់ ៤.ខេត្តពោធិ៍សាត់ ៩៦,៤៥២នាក់ ៥.ខេត្តព្រះសីហនុ ៨៤,៥៥៧នាក់ ៦.ខេត្តកំពង់ចាម ៧៩,៥៧៤នាក់ ៧.ខេត្តកំពត ៧៧,៥៤៨នាក់ ៨.ខេត្តកណ្តាល ៥៤,៥៤៦នាក់ ៩.ខេត្តកំពង់ឆ្នាំង ៥៤,០២៦នាក់ ១០.ខេត្តប៉ៃលិន ៤៩,៧៤៨នាក់។

គួរបញ្ជាក់ដែរថា តួលេខនេះ គឺមានកំណើន៨៩.៤៣% ធៀបនឹងរយៈពេល៣ថ្ងៃនៃពិធីភ្ជុំបិណ្ឌកាលពីឆ្នាំ២០២១។ ចរន្តភ្ញៀវនាឱកាសពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ មានសភាពផុសផុលខ្លាំងធៀបនឹងឆ្នាំ២០២១កន្លងមក ដោយសាររាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យមានការកម្សាន្តនៅគ្រប់រមណីយដ្ឋានទេសចរណ៍ទាំងអស់ ហើយប្រជាពលរដ្ឋអាចទៅធ្វើបុណ្យទាននៅតាមទីវត្តអារាមនានាដោយពុំមានការរឹតត្បិត ខុសពីឆ្នាំ២០២១កន្លងមកដែលប្រជាពលរដ្ឋបានត្រឹមយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅត្រឹមមុខខ្លោងទ្វារចូលវត្ត ដោយសារវិបត្តិជំងឺកូវីដ-១៩។ នេះបើតាមការបញ្ជាក់បន្ថែមពីក្រសួងទេសចរណ៍៕ អត្ថបទ៖ រង្សី