កសិករចិញ្ចឹមជ្រូកប្រមាណជាង ៣ ខេត្ត បានលើកឡើងពីតម្លៃជ្រូករស់នារដូវភ្ជុំបិណ្ឌឆ្នាំនេះ មានការធ្លាក់ចុះតម្លៃគួរឲ្យកត់សម្គាល់ បើធៀបនឹងឆ្នាំមុន ។
អ្នកស្រី លី ស៊ីណា ម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកខ្នាតតូច រស់នៅក្នុង ឃុំ អន្សាចំបក់ ស្រុក ក្រគរ ខេត្ត ពោធិ៍សាត់ បានឲ្យឧកញ៉ាញូស៍ ដឹងថា តម្លៃជ្រូករដូវភ្ជុំបិណ្ឌឆ្នាំនេះមានការធ្លាក់ចុះ បើប្រៀបទៅនឹងឆ្នាំទៅ ពោលគឺ ភ្ជុំបិណ្ឌឆ្នាំមុន លក់បានតម្លៃ ១១៥០០ រៀល ក្នុងមួយគីឡូក្រាម បុណ្យចូលឆ្នាំខ្មែរ ១០៥០០ រៀល ដោយឡែក ភ្ជុំឆ្នាំនេះ បានតម្លៃត្រឹមតែ ៩០០០ រៀល ក្នុងមួយគីឡូក្រាម ប៉ុណ្ណោះ។
អ្នកស្រី បានបន្តថា ការចិញ្ចឹមជ្រូកពិតជាចំណាយច្រើនទៅលើចំណី កន្ទក់ ជាដើម ដែលបច្ចុប្បន្ន ជ្រូកអ្នកស្រី មានចំនួន ១២ ក្បាល ដោយក្នុងរយៈពេល ៣ ខែ អ្នកស្រីត្រូវចំណាយទៅលើចំណីប្រមាណ ៣០ បេ (ក្នុងមួយបេមានតម្លៃ ៨៥០០០ រៀល ) បើគិតជាទឹកប្រាក់សរុបប្រមាណ ២ ៥៥០០ ០០ រៀល ។ ចំណែក ឯកន្ទក់ ក្នុងមួយថ្ងៃចំណាយ ប្រមាណ ២០ គីឡូក្រាម រយៈពេល ៣ ខែ ចំណាយអស់ ១ ៨០០០ គីឡូក្រាម ( ១០០០ រៀល ក្នុងមួយគីឡូក្រាម ) គិតជាទឹកប្រាក់ប្រមាណ ១ ៨០ ០០ ០០ រៀល ។ មិនតែប៉ុណ្ណោះ ក៏មានការចំណាយទៅលើ បាយស្រា ថ្នាំសង្កូវ វ៉ាក់សាំង កម្លាំង ពេលវេលានៃការមើលថែផងដែរ បើខែប្រាំង ក្តៅ អណ្តូងរីងទឹក ត្រូវចំណាយការទិញទឹកមកផ្គត់ផ្គង់ជ្រូកបន្ថែមទៀត ។
កសិករវ័យ ៥០ ឆ្នាំ ប្លាយរូបនេះ បន្តទាំងទឹកមុខស្មើថា បើបែងចែក ទៅលើការចំណាយ និង ការប្រមូលផល គឺមានការចំណេញតិចតួចបំផុត សម្រាប់អ្នកស្រី ព្រោះ តម្លៃកូនជ្រូក ចំណី កន្ទក់ …កាន់តែឡើង ចំណែកតម្លៃលក់ចេញកាន់តែធ្លាក់ ។
ចំណែកឯ ម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកខ្នាតតូចនៅ ស្រុក អន្លង់វែង ខេត្ត ឧត្តរមានជ័យ លោក គាត ដារិន បានឲ្យដឹងថា តម្លៃជ្រូករស់ខាងលោក លក់ចេញបានតម្លៃត្រឹមតែ ៩០០០ រៀល ក្នុងមួយគីឡូក្រាម ប៉ុណ្ណោះ បើឆ្នាំមុន ១០៥០០ រៀល ក្នុងមួយគីឡូ ។
រីឯ អ្នកស្រី គី គីម ជាអាជីវករ កាប់សាច់ជ្រូកលក់នៅលើទីផ្សាបានឲ្យដឹងថា តម្លៃសាច់ដែលដាក់លក់នៅលើទីផ្សា មុន និង ថ្ងៃបុណ្យភ្ជុំគឺមិនមានការឡើងថ្លៃទេ ពោលគឺតម្លៃថេរ សាច់ដុំ ២២០០០ រៀល ក្នុងមួយគីឡូក្រាម សាច់បីជាន់ ២០០០០រៀល ក្នុងមួយគីឡូក្រាម ។
ជាមួយគ្នានោះ ម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកក៏មានការសំណូម និង មានការស្នើសុំ តម្លៃត្រឹមតែ យ៉ាងហោច ១២៥០០ រៀល ក្នុងមួយគីឡូក្រាម ដែលជាការសមាមាត្រទៅនឹងការចំណាយ ។
គួរឲ្យដឹងថា កសិករដែលចិញ្ចឹមជ្រូកលើកឡើងពីតម្លៃធ្លាក់ចុះតាមបណ្តាខេត្ត រួមមាន ៖ ខេត្ត ពោធិ៍សាត់ ៩០០០ រៀល / ១គីឡូក្រាម ឧត្តរមានជ័យ ៩០០០ រៀល/១គីឡូ សៀមរាប ៨៥០០ រៀល/១គីឡូ រួមទាំង ខេត្តផ្សេងៗទៀតផងដែរ ៕