នៅថ្ងៃអង្គារ ទី២៧ ខែកញ្ញានេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹងប្រកាសអនុញ្ញាតឱ្យប្រើប្រាស់សាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដោយឥតគិតថ្លៃរយៈពេល០១ខែ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។ យ៉ាងណាមិញ មានប្រជាពលរដ្ឋមួយចំនួន នៅមានចម្ងល់ថា តើរថយន្តតូចៗដូចជា Kia Morning ឬ Visto អាចអនុញ្ញាតឱ្យបើកលើផ្លូវល្បឿនលឿននេះបានដែរឬទេ?
ទាក់ទងនឹងចម្ងល់ខាងលើនេះ បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងនៅថ្ងៃនេះ គឺបានបញ្ជាក់ច្បាស់ហើយថា យានយន្តដែលអនុញ្ញាតឱ្យប្រើប្រាស់លើផ្លូវល្បឿនលឿន រួមមាន៖ រថយន្តគ្រប់ប្រភេទ ដែលមានល្បឿនអតិបរិមាលើសពី ៧០គ.ម/ម៉ោង (កំណត់ពីរោងចក្រ) និងទោចក្រយានយន្ត (ម៉ូតូ) ដែលមានទំហំស៊ីឡាំងចាប់ពី ៥០០cc ឡើងទៅ។ តាមការកំណត់ពីក្រុមហ៊ុន Kia Visto អាចបើកបានល្បឿនលឿនបំផុតរហូតដល់ ១៤៥គ.ម/ម៉ោង ខណៈដែល Kia Morning អាចបើកបានដល់ទៅ ១៤៩គ.ម/ម៉ោង។ ដូច្នេះមានន័យថា រថយន្តទាំងពីរប្រភេទ រួមទាំងរថយន្តតូចៗប្រហាក់ប្រហែលគ្នានេះ គឺអាចបើកបរលើផ្លូវល្បឿនលឿនបាន។
សូមជម្រាបជូនថា Kia Visto ត្រូវបានផលិតឡើងនៅចន្លោះឆ្នាំ១៩៩៩ ដល់ឆ្នាំ២០០៤ ខណៈដែល Kia Morning ផលិតចាប់ពីឆ្នាំ២០០៣ រហូតមកដល់បច្ចុប្បន្ន។ សម្រាប់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គឺក្រសួងអនុញ្ញាតឱ្យបើកបរល្បឿនអប្បបរមា ៦០គ.ម/ម៉ោង និងល្បឿនអតិបរមា ១២០គ.ម/ម៉ោង ប៉ុន្តែក្នុងនោះអ្នកបើកបរ ក៏ត្រូវគោរពតាមស្លាកសញ្ញាកំណត់ល្បឿនផ្សេងៗ ទៅតាមស្ថានភាពផ្លូវជាក់ស្តែងផងដែរ៕