សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទម្លាយឱ្យដឹងថា តំបន់អរិយក្សត្រដែលស្ថិតក្នុងខេត្តកណ្តាល នឹងត្រូវកាត់ចូលក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ក្រោយសាងសង់ស្ពានរួច មិនត្រឹមតែប៉ុណ្ណោះ ទីតាំងនោះអាចនឹងបង្កើតខណ្ឌថ្មី១ទៀតថែមទៀតផង។ ការថ្លែងនេះ ធ្វើឡើងក្នុងពិធីស្រោចស្រពព្រះសុគន្ធវារីប្រគេនសម្តេចព្រះសង្ឃនាយករង នៃគណៈសង្ឃនាយក នៅវត្តចំពុះក្អែក នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០។
សម្តេចបានលើកឡើងយ៉ាងដូច្នេះថា បើធ្វើស្ពានចម្លងរួចហើយ សម្ដេចគ្រោង កាត់តាំងពីអរិយក្សត្រ ល្វាឯម ដើម្បីយកបញ្ចូលមកភ្នំពេញថែមទៀត ហើយអាចទៅជាខណ្ឌមួយរបស់ភ្នំពេញ។ តាមផែនការរបស់សម្ដេច គ្រោងធ្វើចំនួន ២ថែមទៀត ដើម្បីឆ្លងកាត់ទៅតំបន់អរិយក្សត្រ ស្ពានមួយបានសុំកូរ៉េ ពីជ្រោយចង្វារ ទៅអរិយក្សត្រ ហើយមួយទៀតពីផ្លូវជាតិលេខ១ ឆ្លងកាត់ត្រឹមក្តីតាកុយ ទៅខាងល្វាឯម។ បន្ទាប់ពីមានការប្រកាសដោយសម្ដេចច្បាស់ៗបែបនេះ សម្ដេចថា ទីតាំងដីនៅទីនោះ គឺច្បាស់នឹងឡើងថ្លៃ ជាក់ជាមិនខាន។
សូមបញ្ជាក់ផងដែរថា តាមតាមប្រសាសន៍ កាលពីពេលកន្លងទៅ គំរោងស្ពាន ឆ្លងពី តំបន់ជ្រោយចង្វា ទៅ ស្វាយជ្រំ គ្រោងដែលជាជំនួញរបស់ប្រទេសកូរ៉េ អាចនឹងចាប់ផ្ដើម ក្នុងពេលឆាប់ៗនេះ ដោយស្ពាន១នេះ អាចគ្រោងចំណាយ ចន្លោះ ៤០ទៅ ៥០ លានដុល្លារ ។