សម្តេច​ ហ៊ុន សែន អញ្ជើញ​​ចូល​រួមពិធី​បុណ្យ​​សព ​​និង​​គោរព​​វិញ្ញាណក្ខន្ធ លោក អា​បេ ស៊ិន​ហ្សូ

សង្គម​ និង​សេដ្ឋកិច្ច

ពិធីបុណ្យសពថ្នាក់ជាតិជូនលោក អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន បានចាប់​ផ្តើមរៀប​ចំឡើងនៅសាល Nippon Budokan តាមបែបបទប្រពៃណី និងសាសនាជប៉ុន និងត្រូវបានផ្តល់​មហាកិត្តិយស​​ជូនអំណោយពីប្រេសិតរបស់​ព្រះចៅ​​អធិ​​រាជ និងព្រះរាជអគ្គមហេសី និងអតីតព្រះ​​ចៅអធិរាជ និងព្រះរាជអគ្គមហេសី រួមនឹងការថ្វាយកម្រងផ្កាពី​សមា​​ជិក​​ព្រះរាជវង្សានុវង្សជប៉ុន ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជា  ថ្នាក់ដឹកនាំជាប្រមុខរដ្ឋ ប្រមុខ​​រដ្ឋាភិបាលនៃបណ្តាប្រទេសមួយចំនួនទៀត បានអញ្ជើញចូលរួមពិធី​​បុណ្យសព​និងគោរពវិញ្ញាណក្ខន្ធ លោក អាបេ ស៊ិនហ្សូ ។

ពិធីបុណ្យសពថ្នាក់ជាតិនេះ មានការចូលរួមពីថ្នាក់ដឹកនាំជាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល អតីតមេដឹក​នាំពិភពលោកប្រមាណ​​​៥០រូប និងភ្ញៀវកិត្តិយសអន្តរជាតិ ប្រមាណ ៧០០នាក់ និងភ្ញៀវជាតិ សរុបទាំងអស់ប្រមាណ ៤ ៥០០ នាក់ បាន​​អញ្ជើញ​​មកចូលរួមគោរពវិញ្ញាណក្ខន្ធ និងពិធីបុណ្យ​​សពថ្នាក់ជាតិ​ដើម្បីលាគ្នាជាលើកចុងក្រោយ។

គួរបញ្ជាក់ថា លោក អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្រ្តីជប៉ុន បានទទួលមរណភាពកាលពី​​វេលាម៉ោង​​១៥រសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ បន្ទាប់ពីខ្មាន់កាំភ្លើងវ័យជាង៤១ឆ្នាំម្នាក់ បានធ្វើការបាញ់​ប្រហារមកលើរូបលោក ក្នុងឱកាសអញ្ជើញ​​ថ្លែង ក្នុងយុទ្ធនាការឃោសនារកសម្លេងឆ្នោត​​ជ្រើរើស​​ព្រឹទ្ធសភា​​ជប៉ុន នៅទីក្រុងណារា ភាគខាងលិចប្រទេសជប៉ុន កាល​​ពីវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី៨កក្កដា ឆ្នាំ២០២២។

សម្តេចតេជោ នាយករដ្ឋមន្រ្តី បានចាត់ទុកថា មរណភាពរបស់លោក អាបេ ស៊ីនហ្សូ មិនគ្រាន់តែ​ជាការបាត់បង់ នូវរដ្ឋបុរស​​ស្នេហា​​​​ជាតិម្នាក់របស់ជប៉ុន ដែលបានដឹកនាំឲ្យមានការរីកចំរើន និងលើក​​កម្ពស់តួនាទីរបស់ជប៉ុន នៅលើឆាកអន្តរជាតិ និង​​​តំបន់ ប៉ុណ្ណោះទេ តែជាការបាត់បង់នូវ មិត្តភក្តិដ៏​​ល្អពិត​ប្រាកដមួយរូប របស់ប្រជាជនកម្ពុជា និងរូបសម្តេចផ្ទាល់ ដែល​​​បាន​រួមចំណែកក្នុងការលើក​​កម្ពស់ទំនាក់ទំនងទ្វេភាគីកម្ពុជា ជប៉ុន រហូតដល់ភាពជាដៃគូយុទ្ធសាស្រ្ត កាលពីឆ្នាំ២០១៣ ក៏ដូច​​ជា​​​​បានជំរុញការផ្តល់ជំនួយគាំទ្រ ដល់ការអភិវឌ្ឍនៅកម្ពុជាផងដែរ៕