មួយរយៈកាលចុងក្រោយនេះ មហាសេដ្ឋី Gautam Adani បានសំងំកើបលុយរាប់សិបពាន់លានដុល្លារ រហូតបានឡើងដល់តំណែងជាមហាសេដ្ឋីលេខ ២ លើពិភពលោក។ នេះបើតាមការចុះផ្សាយពី Bloomberg កាលពីសប្ដាហ៍មុន។
យ៉ាងណា ថ្មីៗនេះ ប្រភពដដែលបានទម្លាយថា តំណែងមហាសេដ្ឋីលេខ ២ លើលោករបស់មហាសេដ្ឋីឥណ្ឌា បានរបូតទៅវិញ ក្រោយស្ដេចត្រាញ់អាស៊ីបាត់បង់ទ្រព្យសម្បត្តិប្រមាណ ៧ ពាន់លានដុល្លារ ក្នុងរយៈពេលត្រឹមមួយថ្ងៃ ដោយសារការដាំក្បាលចុះនៃផ្សារហ៊ុន។
ទន្ទឹមនឹងនោះ ស្ថាបនិក Amazon លោក Jeff Bezos បានឡើងមកកាន់តំណែងមួយនេះវិញ ក្រោយកើបលុយបាន ១,៣៦ ពាន់លានដុល្លារ ស្របពេលមេធំក្រុមហ៊ុន Adani Group របូតលុយច្រើនសន្ធឹក។
បើទោះជា មហាសេដ្ឋីឥណ្ឌារងការខាតបង់ធ្ងន់ធ្ងរបែបនេះក្ដី ប៉ុន្តែគម្លាតទ្រព្យសម្បត្តិរវាងលោក និងមហាសេដ្ឋីអាមេរិក Jeff Bezos មិនខុសគ្នាច្រើនឡើយ ពោលទ្រព្យសម្បត្តិរបស់ Adani មានប្រមាណ ១៣៥ ពាន់លានដុល្លារ ស្របពេលមេធំ Amazon មានប្រមាណ ១៣៨ ពាន់លានដុល្លារ។ នេះបើតាមទិន្នន័យពី Bloomberg ចុះផ្សាយនៅថ្ងៃទី ២៧ កញ្ញា ២០២២៕