មហាសេដ្ឋីមានបំផុតនៅអាស៊ី Gautam Adani បានទម្លាយនៅក្នុងសន្និសីទនាយកប្រតិបត្តិសកលរបស់ Forbes សម្រាប់ឆ្នាំ ២០២២ (Forbes Global CEO Conference 2022) ថា ប្រទេសឥណ្ឌាអាចនឹងវ៉ាជែងជប៉ុន ក្លាយជាមហាអំណាចសេដ្ឋកិច្ចទី ៣ ត្រឹមឆ្នាំ ២០៣០។
យោងតាមសម្ដីរបស់មេធំ Adani Group ដែលបាននិយាយនៅក្នុងសន្និសីទរៀបចំដោយ Forbes មានសេចក្ដីថា៖ “ខ្ញុំពិតជាព្រមទទួលស្គាល់ថា ពួកយើង (ឥណ្ឌា) គឺនៅមិនទាន់ល្អគ្រប់គ្រាន់ឡើយ ប៉ុន្តែខ្ញុំហ៊ានអះអាងថា ភាពមិនល្អឥតខ្ចោះនេះ នឹងជាកត្តាសំខាន់ជួយដល់ពួកយើងនៅថ្ងៃខាងមុខ”។
“ជាក់ស្ដែង បច្ចុប្បន្នឥណ្ឌាគឺជាមហាអំណាចសេដ្ឋកិច្ចធំបំផុតលើលោកទី ៥ ហើយជំហានបន្ទាប់គឺពួកយើងនឹងក្លាយជាមហាអំណាចសេដ្ឋកិច្ចធំបំផុតលើលោកទី ៣ ត្រឹមឆ្នាំ ២០៣០។ ខ្ញុំជឿថា ទំហំសេដ្ឋកិច្ចរបស់ពួកយើងនឹងកើនឡើងពី ៣ ដល់ ៣០ ទ្រីលានដុល្លារនាពេលនោះ”។
សូមជម្រាបដែរថា បច្ចុប្បន្នឥណ្ឌាបានក្លាយជាមហាអំណាចសេដ្ឋកិច្ចទី ៥ លើលោក ជាមួយទំហំសេដ្ឋកិច្ចប្រមាណ ៣,៥៣ ទ្រីលានដុល្លារ បន្ទាប់ពីចក្រភពអង់គ្លេសជួបប្រទះបញ្ហាអតិផរណាជាខ្លាំង។
ក្រៅពីនោះ ធនាគារពិភពលោកក៏បានចាត់ទុក ឥណ្ឌា ចិន និងប្រេស៊ីល គឺជាប្រទេសដែលមានទំហំសេដ្ឋកិច្ចកើនឡើងលឿនបំផុតជាងគេលើពិភពលោកក្នុងឆ្នាំ ២០២២ ផងដែរ៕