ទ្រឹស្ដី ព២ ប២ ពីលោក អុិន ដារ៉ា ដើម្បីក្លាយជាម្ចាស់អាជីវកម្មដ៏រឹងមាំយូរអង្វែងតកូនតចៅ

អាជីវកម្ម

អនុប្រធានសមាគមអចលនទ្រព្យសកលខេត្តបាត់ដំបង និងជាអគ្គនាយក​នៃ​ក្រុមហ៊ុន KW BATTAMBANG លោក អុិន ដារ៉ា បានលើកថា ក្នុងភាពជាម្ចាស់ការលើអាជីវកម្ម និងដើម្បីរក្សាចីរភាពយូរអង្វែង ម្ចាស់អាជីវកម្មគ្រប់រូប មិនគួរមើលរំលងគោលការណ៍ ព២ និងប២ នេះឡើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទ្រឹស្ដី ព២ និងប២ ដែលអគ្គនាយក​​ក្រុមហ៊ុន KW ប្រចាំខេត្តបាត់ដំបង លោក ដារ៉ា លើកឡើងក្នុងបរិបទអាជីវកម្មនោះ គឺការពង្រឹង ពង្រីក បំបែក និងការប្រមូលផ្ដុំ។ យុវជនមានស្រុកកំណើតពីខេត្តបាត់ដំបង ដដែលរូបនេះ បានពន្យល់ពីទឡ្ហីករណ៍ដែលខ្លួនលើកឡើងនេះ យ៉ាងដូច្នេះថា៖

១. ពង្រឹង៖ មានន័យថា ត្រូវធ្វើឱ្យអាជីវកម្មដែលយើងមានស្រាប់ កាន់តែរឹងមាំ

២. ពង្រីក៖ បន្ទាប់ពីពង្រឹងអាជីវកម្មរបស់យើងបន្ថែមជារឿយៗហើយ គឺត្រូវបន្តពង្រីកវារហូតដល់អស់លទ្ធភាព

៣. បំបែក៖ បន្ទាប់ពីពង្រឹង ហើយពង្រីករួចហើយ ចូរបន្តបំបែកទៀត ធ្វើបែបនេះរហូតដល់ពេលមួយដែលអ្នកពិបាកក្នុងការគ្រប់គ្រង នោះមានន័យថា ត្រូវរុញអាជីវកម្មយើង ឱ្យដល់ចំណុចទី៤ គឺវគ្គ ប្រមូល!

៤. ប្រមូល៖ មានន័យថា ធ្វើការប្រមូលផ្តុំអាជីវកម្មទាំងអស់ចូលគ្នាជាក្រុមហ៊ុនដ៏ធំមួយ។ ដំណាក់កាលនេះ វាពិតជាពិបាកណាស់ តែសម្រាប់អ្នកដែលមានដើមទុនតិច យុទ្ធសាស្រ្តនេះគឺល្អបំផុត ទោះវាប្រើពេលច្រើនមែន តែវាមានហានិភ័យតិចជាងយុទ្ធសាស្រ្តផ្សេង។

ធ្លាប់មានប្រវត្តិជាក្មេងដើរដាក់ឆ័ត្រតាមផ្សារ និងហៅភ្ញៀវជិះតាក់ស៊ី នៅក្រុងបាត់ដំបង សហគ្រិនក្នុងវិស័យអចលនទ្រព្យដ៏សកម្មប្រចាំខេត្តបាត់ដំបងដដែលខាងលើ ថ្លែងថា វិថីដែលនាំឱ្យលោកដើរមកដល់ថ្ងៃនេះ ព្រោះលោកតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ និងទស្សនៈវិស័យដ៏វែងឆ្ងាយសម្រាប់កំណត់គោលដៅជីវិតខ្លួនឯង។ ចក្ខុវិស័យដែលលោក ដារ៉ា អនុវត្តកន្លងមក នោះ គឺ កើតចេញពីខ្លួនឯងផ្ទាល់ ចំណេះដឹង ជំនាញ និងការសេពគប់មនុស្សឱ្យបានត្រឹមត្រូវ។

បច្ចុប្បន្នលោក អុិន ដារ៉ា និងដៃគូវិនិយោគ កំពុងវិនិយោគលើគម្រោងអចលនទ្រព្យ ដូចជាប្រភេទបុរី និងដីឡូត៍ជាច្រើនគម្រោង នៅក្នុងខេត្តបាត់ដំបង៕