ពេលខ្លះអំនួត បើយើងប្រើត្រូវកាលវានឹងក្លាយទៅជារឿងល្អ ប៉ុន្តែពេលខ្លះបើយើងប្រើខុសកាល ក៏មិនល្អដែរ ហើយថែមទាំងនាំឱ្យមានបញ្ហាទៀតផង។ តើយើងគួរអួតពេលណាដើម្បីឱ្យត្រូវកាល? គឺពេលទៅដាក់ពាក្យសុំធ្វើការងារ ពេលទៅជួបអតិថិជន ឬពេលជួបដៃគូសហការជំនួញជាដើម។ ពេលហ្នឹងបើយើងពូកែអួត នោះយើងនឹងអាចទទួលបានផលល្អច្រើន ប៉ុន្តែត្រូវអួតឱ្យមានបែបផែន កុំអួតហួសពីសមត្ថភាពឱ្យសោះ ព្រោះវានឹងនាំឱ្យយើងបរាជ័យ។
យើងអាចសិក្សាអំពីអំនួត តាមរយៈល្បើកប្រជាប្រិយរបស់ខ្មែរយើងគឺរឿង ជុចនិងត្រី។ ត្រីពេលបានជួបជុច បែរជាមានអំនួតថា ខ្លួននឹងបុកបំប៉ើងទម្លុះទម្លាយជុចឱ្យដូចជាធូលី និងផេះផង់ តែទីបំផុតខ្លួនត្រូវជាប់ជុច ងាប់យ៉ាងវេទនា។ ការអួតដូចត្រីរ៉ស់ យើងអាចហៅថាអួតត្រូវកាល ប៉ុន្តែវាហួសពីសមត្ថភាព ដែលក្លាយទៅជាការប្រមាថទៅវិញ ធ្វើឱ្យខ្លួនឯងវិនាសអន្តរាយ។
នៅក្នុងសង្គមមនុស្សយើង អ្នកខ្លះចូលចិត្តអួតក្អេងក្អាង អឿស៊ីយេ នៅពេលខ្លួនធ្វើអ្វីមួយបានជោគជ័យ ឬរៀនបានច្រើន ចេះស្ទាត់លើជំនាញអ្វីមួយ។ អ្នកខ្លះទៀតអាងខ្លួនមានជំនាញ អួតនេះអួតនោះ ថាកិច្ចការនេះខ្លួនធ្វើតែមួយភ្លែត ឬខ្លួនអាចធ្វើបានដោយងាយ មិនចាំបាច់គិតគូរ ឬស្រាវជ្រាវច្រើន តែដល់ពេលធ្វើក៏តាំងរដាក់រដុប ធ្វើមិនកើត មិនដូចជាអ្វីដែលខ្លួនបាននិយាយ។ ការពិតភាពជោគជ័យមិនស្ថិតស្ថេរប៉ុន្មានទេ វាអាចនឹងបាត់បង់ទៅវិញនៅពេលណាមួយ ឬនៅពេលណាដែលយើងធ្វេសប្រហែស។ ដូច្នេះទោះបីជោគជ័យកម្រិតណា ឬចេះកម្រិតណាក៏ដោយ យើងគួរកុំក្អេងក្អាង ក្រអឺតក្រទម កុំអឿស៊ីយេ កុំពើងទ្រូងខ្លាំងពេក ព្រោះក្រែងបាក់អំនួតដូចត្រីក្នុងជុច។
បើចង់រក្សាគុណតម្លៃ ប្រជាប្រិយភាព និងផ្លូវជីវិតឱ្យស្រស់បំព្រង យើងគួរចេះដាក់ខ្លួន ឱនលំទោន ទន់ភ្លន់ និងបន្ទាបខ្លួនខ្លះទៅ។ ម្យ៉ាងទោះបីយើងចេះក៏ដោយចុះ ពេលខ្លះធ្វើជាល្ងង់សួរគេមួយម៉ាត់ក៏មិនខុសទាស់អ្វីដែរ។ ដូចឃ្លាមួយគេពោលឡើងថា “មនុស្សឆ្លាតកាន់តែឆ្លាតព្រោះធ្វើល្ងង់ មនុស្សល្ងង់កាន់តែល្ងង់ព្រោះធ្វើចេះ”។ ចំណែកខ្ញុំតែងនិយាយទៅកាន់បុគ្គលិកខ្ញុំថា “ខ្ពស់ណាស់ទាបណាស់ ទាបណាស់សំខាន់ណាស់ ចេះណាស់មានន័យណាស់”៕
ខ្លឹមសារទាំងស្រុងដោយ៖ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី
ប្រភព៖MJQ University Press