ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ គ្រោងដំឡើងបង្គោលអង់តែនសេវាទូរស័ព្ទ នៅតំបន់ទេសចរណ៍ដាច់ស្រយាលចំនួន៣កន្លែង ខណៈបច្ចុប្បន្នតំបន់ទាំងនោះមិនទាន់មានសេវាទូរស័ព្ទប្រើប្រាស់នៅឡើយ ។
បើតាមលោកស្រី ឡុញ ពិសា ប្រធានមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា តំបន់ទេសចរណ៍ទាំង៣កន្លែងដែលត្រូវដំឡើងអង់តែនសេវាទូរស័ព្ទក្នុងពេលខាងមុខនេះ រួមមាន១,តំបន់ទេសចរណ៍ធម្មជាតិទឹកធ្លាក់ថ្មក្រាល ស្ថិតនៅក្នុងភូមិកោះក្ទម្ព ឃុំជៀប ។ ២,តំបន់ទេសចរណ៍ធម្មជាតិទឹកធ្លាក់អន្លង់ស្វាយស្ថិតនៅក្នុងភូមិក្បាលទឹក ឃុំក្បាលទឹក ។ និង ៣, តំបន់ទេសចរណ៍ធម្មជាតិ ទឹកធ្លាក់ស្រែអំពិល ស្ថិតនៅក្នុងភូមិក្តុលសែនជ័យឃុំក្តុលសែនជ័យ ស្រុកទឹកផុស ។
សូមជម្រាបថា កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ក្រុមការងារបច្ចេកទេសអន្តរក្រសួង ក៏បានជួបប្រជុំជាមួយអាជ្ញាធរ មន្ត្រីពាក់ព័ន្ធនិងតំណាងក្រុមហ៊ុនទូរស័ព្ទ ដើម្បីពិភាក្សាទៅលើការងារបច្ចេកទេស និងចុះពិនិត្យមើលទីតាំងដែលត្រូវដំឡើងអង់តែន នៅតាមតំបន់ទេសចរណ៍នីមួយៗ ។
កិច្ចប្រជុំនេះដឹកនាំដោយ លោក សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ លោក ប្រាក់ សុវណ្ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង លោក ស្រ៊ន សំឬទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង ។
គួរបញ្ជាក់ថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីខែសីហា ឆ្នាំ២០២២នេះ បានឲ្យដឹងថា ក្រសួងគ្រោងនឹងរៀបចំសាងសង់បង្គោលអង់តែនចំនួន១០០អង់តែន ដែលគ្រោងចំណាយថវិកាជាង១០លានដុល្លារ ដើម្បីផ្ដល់នូវសេវាទូរសព្ទ នៅទីកន្លែងទេសចរណ៍, វប្បធម៌ ឬក៏កន្លែងអភិរក្សមួយចំនួន រួមទាំងផ្តល់នូវ Public wifi នៅក្នុងតំបន់អង្គរផងដែរ។
បច្ចុប្បន្នកម្ពុជា មានស្ថានីយ៍អង់តែនទូរសព្ទចល័ត កំពុងប្រើប្រាស់ទូទាំងប្រទេស ១១,៤៨៩ និងអ្នកប្រើប្រាស់សេវាទូរស័ព្ទ និងអ៊ីនធឺណិត៖ សេវាទូរសព្ទចល័ត ១៩,៣៤៧,៨៩២ និងសេវាអ៊ីនធឺណិតចល័ត ១៧,៤៨៧,៩២២, សេវាទូរស័ព្ទអចល័ត ៣៩,៩៥២ និងសេវាអ៊ីនធឺណិតអចល័ត ៣១២,២៣៣៕