អ្នកឧកញ៉ា គួច ម៉េងលី៖ បើមាន..កុំទាន់អាលអរ ហើយបើឡើង..កុំទាន់អឿ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា គួច ម៉េងលី ស្ថាបនិក ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល និងជា​អ​គ្គ​នាយ​ក​​ប្រ​តិ​ប​ត្តិ​នៃក្រុ​ម​ហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ​​បាន​លើក​ឡើង​ថា បើមានកុំទាន់អាលអរ ក្រកុំទាន់អាលភ័យ ហើយបើឡើងកុំទាន់​មានអារម្មណ៍អឿ បើតឿកុំទាន់មានអារម្មណ៍ទាប ព្រោះអ្វីៗប្រែប្រួលតាមកាលៈទេសៈ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ា ​​បាន​បន្ថែម​​តាម​រយៈ​ទំព័រហ្វេសប៊ុក នៅ​ព្រឹក​​ថ្ងៃ​ពុធ​ម្សិល​មិញ​​ថា ម្យ៉ាងយើងអាចនិយាយ​មួយ​បែបទៀតបានថា ជីវិតមនុស្សប្រៀបដូចជាការធ្វើដំណើរលើជួរភ្នំដូច្នោះដែរ ថ្ងៃខ្លះក៏ឡើងដល់ចំណុចកំពូល ហើយថ្ងៃខ្លះទៀតក៏ធ្លាក់មកនៅត្រឹមចង្កេះភ្នំឬជើងភ្នំ។

ដូច្នេះ បើអ្នកមាននៅថ្ងៃនេះ សូមកុំអាលអរ កុំមានអំនួត កុំក្រអើតក្រទម ឆ្មើងឆ្មៃ រើសអើង បក្សពួកនិយម ជិះជាន់ កេងប្រវ័ញ្ច កុំមើលងាយអ្នកទន់ខ្សោយឬអ្នកមានឋានៈតូចទាបជាងខ្លួនឱ្យសោះ ពីព្រោះមិន​ប្រាកដ​ថា យើងអាចរក្សាភាពមានបាន បានពេញមួយជីវិតឡើយ។ ត្រូវចាំថា បើយើងជាមនុស្សឆ្មើងឆ្មៃ ជាមនុស្ស​អួតក្អេង​ក្អាង ឬចូលចិត្តជិះជាន់អ្នកដទៃ នៅពេលធ្លាក់ខ្លួនក្រលំបាក គឺយើងមហាសែនវេទនា​ជាងអ្នកដទៃ​រាប់​ពាន់​ដងទៅទៀត។

ចំណែកអ្នកក្រលំបាកវិញ អ្នកឧកញ៉ា​​​យល់​ថា ក៏គួរកុំទាន់អាលអស់សង្ឃឹមផងដែរ ពោលត្រូវតែមានភាព​ក្លាហាន ចេះតស៊ូ​ព្យាយាម មានមនសិការ ឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការជម្នះភាពក្រលំបាក​ទាំងឡាយ​។ ដ្បិតថា ថ្ងៃនេះ​យើង​ក្រមែនពិត ប៉ុន្តែថ្ងៃអនាគតមិនប្រាកដថានៅតែក្ររហូតនោះទេ ប្រសិនបើយើងនៅ​តែរក្សា​ការតស៊ូ ព្យាយាម ដោយមិនព្រមបោះបង់៕