យោងតាមបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតនៅអាមេរិក ៤០០ រូប លើកទី ៤១ របស់ទស្សនាវដ្ដី Forbes បានឲ្យដឹងថា លោកស្រី Mackenzie Scott បានជាប់ឈ្មោះជាស្ត្រីមានបំផុតនៅអាមេរិកសម្រាប់ឆ្នាំ ២០២២។
ថ្មីៗនេះ មហាសេដ្ឋីស្រីមានបំផុតនៅអាមេរិករូបនេះ បានប្រកាសដាក់ពាក្យលែងលះជាមួយស្វាមីទី ២ បន្ទាប់ពីចែកផ្លូវគ្នាជាមួយស្ថាបនិក Amazon លោក Jeff Bezos បានប្រហែល ៣ ឆ្នាំ។ នេះបើតាមការចុះផ្សាយពី Timesnownews។
ដោយឡែក New York Times ក៏បានរាយការណ៍ដែរថា ស្វាមីទី ២ របស់លោកស្រីគឺលោក Dan Jewett ដែលជាគ្រូបង្រៀន មិនបានជំទាស់ពីការលែងលះនេះឡើយ ហើយថែមទាំងបានបង្ហើបថា កិច្ចសន្យាបែងចែកទ្រព្យសម្បត្តិគឺបានធ្វើឡើងរួចរាល់ហើយ។
សូមជម្រាបដែរថា យោងតាមទិន្នន័យពី Bloomberg បានចុះផ្សាយថា ទ្រព្យសម្បត្តិរបស់អតីតភរិយាមេធំ Amazon មានប្រមាណ ២៧,៨ ពាន់លានដុល្លារ ហើយសម្រាប់រយៈពេល ៣ ឆ្នាំកន្លងមកនេះ លោកស្រីបានបរិច្ចាគទឹកប្រាក់ប្រហែល ១២ ពាន់លានដុល្លារទៅកាន់អង្គការក្រៅរដ្ឋាភិបាលជាច្រើន៕