កាលពីពេលថ្មីៗនេះ មហាសេដ្ឋី Gautam Adani បានបង្ហើបឲ្យដឹងនៅក្នុងកិច្ចប្រជុំនៅទីក្រុងសាំងហ្គាពួរថា មហិច្ឆតាសេដ្ឋកិច្ចពិភពលោករបស់ចិន អាចនឹងមានការរាំងស្ទះ ដោយសារតែគម្រោងការខ្សែក្រវ៉ាត់មួយ ផ្លូវមួយរបស់ចិន (China’s Belt and Road Initiative) កំពុងជួបបញ្ហានៅតាមប្រទេសមួយចំនួន។
យោងតាមការចុះផ្សាយពី Hindustantimes បានឲ្យដឹងថា មូលហេតុដែលអ្នកមានដាច់គេនៅអាស៊ីអះអាងបែបនេះ គឺដោយសារកំណើននៃអ្នកស្នេហាជាតិនិយម ការប្រែប្រួលនៃការផ្គត់ផ្គង់ទំនិញ និងការងើបឡើងនៃវិស័យបច្ចេកវិទ្យាពីប្រទេសដទៃ នឹងធ្វើឲ្យចិនកាន់តែបារម្ភជាមួយនឹងការពង្រីកមហិច្ឆតារបស់ខ្លួននៅលើសកលលោក។
មិនតែប៉ុណ្ណោះ មហាសេដ្ឋីមានបំផុតលើលោកទី ៣ រូបនេះក៏បានចង្អុរបង្ហាញពីបញ្ហាសំខាន់មួយទៀតដែលកំពុងកើតមាននៅចិនផងដែរ នោះគឺការដាំក្បាលចុះនៃទីផ្សារអចលនទ្រព្យ ដែលបានធ្វើឲ្យវិស័យសេដ្ឋកិច្ចនៅចិនជួបបញ្ហាឈឺក្បាលបំផុតមួយ។
សូមជម្រាបដែរថា បើទោះជាប៉ុន្មានឆ្នាំចុងក្រោយនេះ គ្រោងការណ៍ BRI របស់ចិនហាក់ទទួលបានការរិះគន់ច្រើនក៏ពិតមែន ប៉ុន្តែវានឹងមិនងាយរំសាយចោលឡើយ ដ្បិតរដ្ឋាភិបាលចិនបានចាក់លុយរាប់សិបពាន់លានដុល្លារលើគម្រោងមួយនេះ៕