រដ្ឋ អនុញ្ញាតិឲ្យអ្នកឧកញ៉ា ទ្រី ភាព អភិវឌ្ឍកោះត្បាល់ តម្លៃ១៧លានដុល្លារ

ជុំវិញ​ឧកញ៉ា

គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ CDC បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនរបស់អ្នកឧកញ៉ា ទ្រី ភាព ក្នុងការស្នើសុំអភិវឌ្ឍកោះត្បាល់ ស្ថិតក្នុងភូ​មិសាស្រ្តខេត្តកែប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅព្រឹកថ្ងៃទី៣០ ខែកញ្ញានេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចចុះបញ្ជីអនុញ្ញាតិឲ្យអ្នកឧកញ៉ា ទ្រី ភាព តាមរយៈក្រុមហ៊ុន TRY PHEAP KOH TUNSAY RESORTS CO., LTD” ដើម្បីអភិវឌ្ឍន៍កោះត្បាល់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ក្នុងទុនវិនិយោគចំនួន ១៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១០៥កន្លែង។

សូមជម្រាបជូនថា អ្នកឧកញ៉ា ទ្រី ភាព ជាពាណិជ្ជករកំពុងឈរជើងចាក់គ្រឹះយ៉ាងរឹងមាំនៅក្នុងទឹកដីខេត្តកែប ខណៈដែលកន្លងទៅរាជរដ្ឋាភិបាលសម្រេចផ្តល់ការអនុញ្ញាតិឲ្យធ្វើការអភិវឌ្ឍន៍នៅតាមបណ្តាកោះជាច្រើនកន្លែងរួចមកហើយ។

គួររម្លឹកថា កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ ក្រុមការងារ​របស់​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក្រុម​ការងារ​គណៈ​​កម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និង​មន្ត្រី​របស់​រដ្ឋបាល​ខេត្ត​កែប ​​បាន​ចុះ​​​ទៅ​ពិនិត្យ​​​កោះត្បាល់ ​បន្ទាប់​ពី​មាន​ការ​ស្នើ​សុំ​វិនិយោគ​អភិវឌ្ឍន៍​ពី​ក្រុមហ៊ុន​ TRY PHEAP KOH TUNSAY RESORTS CO., LTD របស់​អ្នក​ឧកញ៉ា ទ្រី ភាព។

លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប ​​​ថ្លែង​ឱ្យ​ដឹង​​​​​ថា តាមរយៈការសហការគ្នារវាងវិស័យរដ្ឋ និង​ឯកជន ក្នុងការអភិវឌ្ឍន៍នៅខេត្តកែប ពិតណាស់នឹងជះឥទ្ធិពលជាវិជ្ជមានសម្រាប់វិស័យទេសចរណ៍ និង​សេដ្ឋកិច្ចរបស់ខេត្តកែប ដើម្បីលើកកម្ពស់ជីវៈភាពរបស់ប្រជាពលរដ្ឋមូលដ្ឋាន ដែលអាចផ្តល់កន្លែងការងារ សំដៅកាត់បន្ថយការចំណាកស្រុក ដូចនេះការធ្វើអោយគម្រោងលេចចេញ​ជារូបរាងឡើង​ គឺជា​រឿងដែល​យើង​ខិតខំបន្ត។

សូម​ជម្រាប​ជូន​ថា ខេត្តកែប មានកោះចំនួន១២ និងថ្មប៉ប្រះទឹក១ ដែលសុទ្ធសឹងតែជាទីតាំង​សក្តានុពល​ខ្ពស់​ក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍។ ចំណែក​ឯ​ កោះ​ត្បាល់ ជា​កោះ​ធម្មជាតិ​មួយ​ដែល​​មាន​​ចម្ងាយ​ប្រហែល​ ៦​គីឡូម៉ែត្រ ពី​ក្រុង​កែប និង​ធ្វើ​ដំណើរ​តាម​ទូក​​ប្រមាណ​ពី ៣៥-៤៥​នាទី។ កោះ​ត្បាល់ ក៏​នៅ​ជាប់​នឹង​កោះ​ទន្សាយ ដែល​​ស្ថិត​​ក្នុង​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន ទ្រី ភាព ​ផង​ដែរ ដោយ​មាន​ចម្ងាយ​​ពី​គ្នា តែ​ ១,៥ គីឡូម៉ែត្រ​ប៉ុណ្ណោះ៕