កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យ តែងតាំងអ្នកដឹកនាំរឿង២រូប ជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
តាមរយៈព្រះរាជក្រឹត្យខាងលើ បានសម្រេចតែងតាំងលោក ហ៊ុយ វាសនា ប្រធានគណៈកម្មការដឹកនាំការផលិតភាពយន្តភាគរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន មានឋានៈស្មើ «អនុរដ្ឋលេខាធិការ»។ ស្របពេលជាមួយគ្នានោះ លោក ហ្វៃ សំអាង អ្នកដឹកនាំភាពយន្តចម្រៀងបទ «ជីវិតក្មេងវត្ត» ក៏ទទួលបានការតែងតាំងជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន មានឋានៈស្មើ «អនុរដ្ឋលេខាធិការ» ដូចគ្នាផងដែរ។
សូមជម្រាបជូនថា ភាពយន្តចម្រៀងបទ «ជីវិតក្មេងវត្ត» ទើបតែសម្ពោធផ្សព្វផ្សាយជាសាធារណៈ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ម្សិលមិញនេះ ខណៈដែលភាគយន្តភាគរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ដែលសុទ្ធតែជាសាច់រឿងពិតជាប្រវត្តិសាស្ត្ររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កំពុងតែដំណើរការថតនៅឡើយ និងរំពឹងថានឹងអាចថតចប់នៅឆ្នាំ២០២៣៕