លោក សេង សុមុន្នី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានបញ្ជាក់ថា បុគ្គលដែលត្រូវបានតែងតាំងជាទីប្រឹក្សាគណៈសង្ឃនាយក មិនទទួលបានងារជា ឯកឧត្ដម ឬលោកជំទាវ នោះឡើយ ដោយលើកលែងត្រូវបានតែងតាំងនោះ មានព្រះរាជក្រឹត្យដោយឡែក។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី២៩ ខែកញ្ញា ម្សិលមិញ លោក សេង សុមុន្នី លើកឡើងថា៖ «ការតែងតាំងជាទីប្រឹក្សាគណៈសង្ឃ មិនមែនជា ឯកឧត្តម មិនមែនជា ជំទាវទេ។ អ្វីដែលមានងារក្នុងសង្ឃប្រកាសដែលបានដាក់ ជាឯកឧត្តម ឬជំទាវ គឺដោយសារមានព្រះរាជក្រឹត្យតែងតាំងផ្សេង មិនមែនដោយសារសង្ឃប្រកាសនោះទេ»។
អ្នកនាំពាក្យក្រសួងធម្មការរូបនេះបានគូសបញ្ជាក់ថា មានជនឱកាសនិយមមួយចំនួន យករឿងនេះដើម្បីធ្វើសកម្មភាពផ្សេងៗក្នុងចេតនាទុច្ចរិតបោកបញ្ឆោទអ្នកដទៃ។
យ៉ាងណា លោក សេង សុមុន្នី បញ្ជាក់បន្ថែមថា ក្នុងករណីដែលត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ តែងតាំងមុខតំណែងដែលមានងារជា «ឯកឧត្តម ឬលោកជំទាវ» ហើយនោះ នៅពេលគណៈសង្ឃចេញសង្ឃប្រកាសផ្ដល់តួនាទីជាទីប្រឹក្សាគណៈសង្ឃ ទើបបុគ្គលនោះមានងារជា «ឯកឧត្តម ឬលោកជំទាវ»។
លោកថា សម្រាប់អ្នកដែលមិនមានព្រះរាជក្រឹត្យតែងតាំង មិនទទួលបានងារ «ឯកឧត្តម ឬលោកជំទាវ» ដោយស្វ័យប្រវត្តិ ត្រឹមសង្ឃប្រកាសនោះឡើយ៕