ជោគវាសនាតំណែងនាយករដ្ឋមន្ត្រីរបស់លោក ប្រាយុទ្ធ នឹងត្រូវសម្រេចនៅថ្ងៃនេះ

អន្តរជាតិ

កាលពី​ប៉ុន្មាន​សប្ដាហ៍​មុន តុលាការ​រដ្ឋធម្មនុញ្ញ​ថៃ​បាន​ប្រកាស​ព្យួរ​តំណែង​នាយករដ្ឋមន្ត្រី​របស់​លោក ប្រាយុទ្ធ ចាន់អូចា ជា​បណ្ដោះអាសន្ន ក្រោយ​គណបក្ស​ប្រឆាំង​ដាក់​ពាក្យបណ្ដឹង​ថា រូបលោក​បាន​កាន់តំណែង​លើស​កាលកំណត់ ៨ ឆ្នាំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្មីៗនេះ សារព័ត៌មាន CNA បាន​ចុះផ្សាយ​ថា ជោគវាសនា​ជា​នាយករដ្ឋមន្ត្រី​របស់​លោក​ ប្រាយុទ្ធ នឹងត្រូវ​កំណត់​នៅក្នុង​ថ្ងៃទី ៣០ ​កញ្ញា​នេះ ដ្បិត​តុលាការ​កំពូល​បាន​បង្ហើប​ថា នឹង​ប្រកាស​ពី​ការ​សម្រេចចិត្ត​ចុងក្រោយ​ថា គួរ​ឲ្យ​លោក​បន្ត​តំណែង​ជា​នាយករដ្ឋមន្ត្រី ឬ​យ៉ាងណា។

ប្រភពដដែល​បាន​បន្ថែម​ទៀតថា ក្រោយ​តុលាការ​ប្រកាស​ដូចខាងលើ​ហើយ មាន​គណបក្សប្រឆាំង​យ៉ាង​តិច ២ នឹង​គ្រោងប្រមូលផ្ដុំ​គ្នា​នៅ​តំបន់​ពាណិជ្ជកម្ម​ទីក្រុង​បាងកក ដើម្បី​ចាំស្ដាប់​សាលក្រម​របស់​តុលាការ ខណៈ​ក្រុម​ប៉ូលិស​យ៉ាងហោច​ណាស់ ៣០០ នាក់​នឹង​ត្រូវ​យាមកាម​នៅ​ជុំវិញ​តុលាការ។

សូមជម្រាប​ដែរថា ក្រុម​អ្នកគាំទ្រ​លោក​ប្រាយុទ្ធ​បាន​អះអាង​ថា អតីត​មេ​យោធា​រូបនេះ​មិនទាន់​ផុត​អាណត្តិ​ដឹកនាំ​ប្រទេស​នោះ​ឡើយ ពោល​អាណត្តិ ៨ ឆ្នាំ​របស់​លោក គួរ​តែ​រាប់​ពី​ឆ្នាំ ២០១៧ ឬ​នៅ​ឆ្នាំ ២០១៩ ពេល​មាន​ការ​រៀបចំ​សភា​ថ្មី។

ប៉ុន្តែ ក្រុម​ប្រឆាំង​បាន​វាយបក​ថា អាណត្តិ​របស់​លោក​ប្រាយុទ្ធ​ត្រូវតែ​រាប់​តាំងពី​ឆ្នាំ ២០១៤ នៅពេល​ដែល​លោក​បាន​ឡើង​កាន់អំណាច​ ក្រោយ​ការ​ធ្វើ​រដ្ឋប្រហារ​មក​ម៉្លេះ៕