ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ ADB គឺជាប្រភពទុនដ៏ធំបំផុតមួយរបស់កម្ពុជា ហើយជំនួយអភិវឌ្ឍន៍ផ្លូវការ ជាមួយនឹងការផ្តល់ប្រាក់កម្ចីប្រចាំឆ្នាំជាមធ្យម គឺមានចំនួន៣២៩,៨លានដុល្លារ ចាប់តាំងពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២១។
ត្រឹមឆ្នាំ២០២១កន្លងទៅ ធនាគារអភិវឌ្ឍន៍អាស៊ីបានបញ្ចេញថវិកាកម្ចីសាធារណៈ ជំនួយឥតសំណង់ ព្រមទាំងបច្ចេកទេសមកឱ្យកម្ពុជាចំនួនជាង៤ ,២ពាន់លានដុល្លារអាមេរិក។ បើតាម ADB ទំហំថវិកាជាង៤ពាន់លានដុល្លារនេះ គឺសម្រាប់អភិវឌ្ឍន៍មកលើគម្រោងសរុបចំនួន៣១៩គម្រោង ខណៈជំនួយឥតសំណង់ និងបច្ចេកទេស ធនាគារអភិវឌ្ឍន៍អាស៊ីបានផ្តោតសំខាន់ទៅលើ វិស័យសុខាភិបាល វិស័យអប់រំ ការកសាងប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធ និងវិស័យសំខាន់ជាច្រើនផ្សេងទៀត។
ទន្ទឹមនឹងនោះ ធនាគារអភិវឌ្ឍន៍អាស៊ីក៏បានផ្តល់ជំនួយបន្ទាប់របស់ខ្លួនមកកម្ពុជា ដើម្បីឆ្លើយតបទៅនឹងបញ្ហាជំងឺកូវីដ១៩។ ដោយក្នុងឆ្នាំ២០២១ ADBបានបញ្ចេញប្រាក់កម្ចីចំនួន៣២៧,១លានដុល្លារ ដើម្បីគាំទ្រដល់សុខាមាលភាពសាធារណៈនៅក្នុងប្រទេសកម្ពុជា។
បន្ថែមពីនេះ ADB ក៏បានជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ពិសេសការលើកកម្ពស់ដល់អាជីវកម្ម រួមទាំងសហគ្រាសធុនតូច និងមធ្យមក្នុងប្រទេសកម្ពុជា ឱ្យមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទទួលបានហិរញ្ញវត្ថុស្របតាមតម្រូវការរបស់អាជីវកម្មទាំងអស់នោះ។ ហើយ ADB ក៏បន្តយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍន៍ផ្លូវជាតិ ការជួសជុលប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធនានា ការធ្វើឱ្យប្រសើរឡើងនូវការផ្គត់ផ្គង់ថាមពល និងជំរុញឱ្យមានបរិស្ថាន និងសេវាកម្មទីក្រុងប្រកបដោយនិរន្តរភាព៕