ការចាយវាយរបស់គ្រួសារជប៉ុន កើនឡើង ចំពេលមានការផ្ទុះឡើងវិញនៃជំងឺកូវីដ-១៩

អន្តរជាតិ

ការចាយវាយរបស់គ្រួសារ នៅក្នុងប្រទេសជប៉ុន បានកើនឡើង ក្នុងរយ:ពេលពីរខែជាប់គ្នា បើទោះបីជាមានការងើបឡើងវិញនៃករណីឆ្លងជំងឺកូវីដ-១៩ រួមទាំងការទទួលរងសម្ពាធអតិផរណា ដោយសារតែការធ្លាក់ចុះនៃប្រាក់យ៉េន ដល់កម្រិតទាបបំផុតមិនធ្លាប់មាន ក្នុងរយ:ពេល ២៤​ ឆ្នាំចុងក្រោយ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទិន្នន័យផ្លូវការមួយ ដែលចេញដោយរដ្ឋាភិបាលជប៉ុន បានបង្ហាញថា ការចាយវាយរបស់ក្រុមគ្រួសសារនៅក្នុងប្រទេសនេះ បានកើនឡើងដល់ ៣,៤% នៅក្នុងខែកក្កដាកន្លងទៅ បើប្រៀបធៀបទៅនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន ។

ទន្ទឹមនឹងកើនឡើងនៃការចាយវាយនេះ យោងតាមលោក Takumi Tsunoda ដែលជាសេដ្ឋវិទូជាន់ខ្ពស់នៅវិទ្យាស្ថានស្រាវជ្រាវធនាគារកណ្តាល Shinkin បាននិយាយថា ការកើនឡើងតម្លៃទំនិញ ដោយគ្មានការបង្កើនប្រាក់ឈ្នួលសម្រាប់ប្រជាជនជប៉ុន អាចជាឧបសគ្គ ដល់ការស្ទុះងើបឡើងវិញនៃការប្រើប្រាស់ឯកជន ក្នុងរយ:ពេលប្រាំមួយខែខាងមុខនេះ ។

មិនតែប៉ុណ្ណោះ មន្ត្រីរដ្ឋាភិបាលម្នាក់ បានប្រាប់អ្នកយកព័ត៌មានថា ការធ្លាក់ចុះនៃការចាយវាយប្រចាំខែ អាចកើតឡើងដោយសារតែប្រជាជនជប៉ុន មានអារម្មណ៍មិនសូវសុវត្ថិភាព ក្នុងការដើរទិញទំនិញតាមហាង ដោយសារតែកើនឡើងអត្រាឆ្លងជំងឺកូវីដ-១៩ ។

គួរឱ្យដឹងថា ប្រទេសជប៉ុនបានមើលឃើញពីការកើនឡើងយ៉ាងលឿននៃករណីឆ្លងកូវីដ-១៩ កាលពីខែមុន តែទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលមិនដាក់ចេញវិធានការទប់ស្កាត់ឡើងវិញនោះឡើយ ដោយជំនួសមកវិញ ជាមួយនឹងការរៀនរស់នៅជាមួយវា ។

ជាងនេះទៅទៀត ក្រុមអ្នកវិភាគបានអះអាងថា ហានិភ័យធំបំផុត ដែលប្រជាជនជប៉ុន កំពុងប្រឈមនោះគឺមិនមែនកូវីដ ១៩ នោះទេ តែជាការកើនឡើងតម្លៃរស់នៅ ដោយសារតែអតិផរណាទំនិញសកល និងកម្សោយប្រាក់យ៉េន ដែលបានធ្វើឱ្យថ្លៃដើមទំនិញនាំចូលមានការកើនឡើងខ្លាំង។ ហើយប្រាក់យ៉េនជប៉ុន បានធ្លាក់ចុះលើសពី ១៤០ យ៉េន ក្នុងមួយដុល្លារ ដែលនេះគឺជាការធ្លាក់ចុះលើកដំបូង ចាប់តាំងពីឆ្នាំ ១៩៩៨ មក ។

មិនតែប៉ុណ្ណោះ ប្រសិនបើប្រាក់យ៉េននៅតែមានរក្សាតម្លៃជាង ១៤០ យ៉េន ក្នុងមួយប្រាក់ដុល្លារ សម្រាប់រយៈពេលប្រាំមួយខែខាងមុខ នោះក្រុមគ្រួសារជប៉ុននឹងត្រូវបង្ខំឱ្យចំណាយ ១,៣% ច្រើនជាងឆ្នាំមុន សម្រាប់អាហារ ថាមពល និងការចំណាយសំខាន់ៗផ្សេងទៀត ៕