បណ្ឌិត ជា ចំរើន ទទួលបានពានសហគ្រិនឆ្នើម ពីប្រទេសម៉ាឡេស៊ី ដោយសារមានស្នាដៃធំៗ៧ចំណុច

អាជីវកម្ម

លោកបណ្ឌិត ជា ចំរើន ឬហៅថា “ថូម៉ាស់ Prof. THOMAS” ស្ថាបនិកសាលារៀន ជីអូ អន្តរជាតិ និង​ជា​ទីប្រឹក្សា​ផ្ទាល់​សម្តេច​ព្រះអភិសិរីសុគន្ឋាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី ​​បាន​បង្ហើប​ប្រាប់​ឱ្យ​ដឹង​ថា ​​លោក​បាន​ទទួល​បាន​ពាន​រង្វាន់​​សហគ្រិន​ឆ្នើម ផ្នែក​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​អន្តរជាតិ និង​ភាព​ជា​អ្នក​ដឹកនាំ​អាជីវកម្ម (The Outstanding Award in International Economic and Business Executive) ​​នៅ​ទីក្រុង​កូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី ​​កាលពី​​ថ្ងៃទី​២៤ ខែ​កញ្ញា ឆ្នាំ២០២២ គឺដោយសារ​​​លោក​មាន​ស្នាដៃ​ធំៗ​ចំនួន​ ៧​ចំណុច។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សមាជិកក្រុមប្រឹក្សាភិបាល និងជាអនុប្រធានសមាគមគ្រឹះស្ថានឧត្តមសិក្សាបច្ចេកទេស និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈឯកជន​រូប​នេះ​ ​​​​បាន​ប្រាប់​ដល់​ឧកញ៉ា ញ៉ូស៍​​ យ៉ាងដូច្នេះ​​ថា​ ជារួម​ស្នាដៃ និងលក្ខណៈ​សម្បត្តិ​របស់​លោក​មាន​ច្រើន​​ ប៉ុន្តែ​លោក​សូមលើកតែ​ចំណុចសំខាន់​ខ្លីៗ ត្រឹមតែ ៧ចំណុចទេ​ ក្នុងចំណោមចំណុច​ផ្សេងៗជា​ច្រើន​ទៀត ដែល​លើកយកមកលំអិតមិនបានអស់។ ក្នុង​នោះ​​​​ស្នាដៃ​ធំៗ​ទាំង​៧​ចំណុច​របស់​លោក មាន​ដូចជា៖

១. ធ្លាប់ជាអ្នកបួសរៀនធម៌វិន័យព្រះពុទ្ឋសាសនា (ជាគុណតម្លៃផ្ទាល់ខ្លួនមួយក្នុងនាមអតីតអ្នកបួស) និង​មានប្រវត្តិឆ្លងកាត់ការសិក្សាអប់កំរិតឧត្តមសិក្សា។

២. ជាអ្នកអប់រំ ជាគ្រូបង្រៀនជាង១៦ឆ្នាំ និងជាអង្គនាយកសាលារៀនឯកជន ៥សាខា ដែលជួយ​បណ្តុះ​បណ្តាលធនធានមនុស្សកម្ពុជាជាង១០ឆ្នាំ ជាចំណែកជួយដល់ការ​អភិវឌ្ឍសង្គមជាតិ​មាតុភូមិជាមួយ​រាជរដ្ឋាភិបាល។

៣. ជាមនុស្សមានប្រវត្តិការតស៊ូជំនះភាពលំបាកខ្លាំងក្លា ពីជីវិតកូនកំព្រាក្នុងគ្រួសារក្រីក្រ ក្លាយជាស្ថាបនិក​សាលារៀនឯកជន។

៤. តាមរយៈសាលាផ្ទាល់ លោក​បានលះបង់ធនធានថវិកា គិតគូរជ្រោមជ្រែងផ្គត់ផ្គង់ ជួយផ្តល់​អាហារូប​ករណ៍សិក្សាឥតគិតថ្លៃ ១០០% ដល់កុមារក្រីក្រ​ជារៀងរាល់ឆ្នាំ តាមសាខានីមួយៗទាំង៥ របស់សាលា ជិត១០០នាក់ក្នុងប្រទេសកម្ពុជា ហើយក៏ជាចំណែក នឹកគុណ និងតបស្នងដល់គុណបាយបាត្រ ដែលធ្លាប់​បានពឹងអាស្រ័យ។

៥. ចូលរួមជាវាគ្មិនចែករំលែក ជូនដល់យុវជន សិស្សនិសិត្ស និងសហគ្រិននានា ជិត៥ឆ្នាំ ពីបទពិសោធន៍​កសាង​ជីវិត កសាងគ្រួសារ និងអាជីវកម្ម។

៦. ចូលរួមឧបត្ថម្ភ ជាអំណោយ ថវិកា និងសំភារៈសិក្សា ជួយដល់អាជ្ញាធរ ពលរដ្ឋគ្រួសារមានជីវភាព​ខ្វះ​ខាត និងសិស្សក្រីក្រតាមទីជនបទ។

៧. ផ្គត់ផ្គង់ប្រាក់បៀវត្សប្រចាំខែ ប្រចាំឆ្នាំ និងបណ្តុះបណ្តាលធនធានមនុស្សកម្ពុជា និងបំពាក់បំប៉ន​ជំនាញ​វិជ្ជាជីវៈការងារផ្ទាល់ៗតាមជំនាញ តាមផ្នែក ដល់មន្ត្រីជំនាញ និងបុគ្គលិក គ្រូបង្រៀនទាំង៥សាខា របស់​សាលា ១ឆ្នាំជាង៤០នាក់ រយៈពេល ជិត១០ឆ្នាំ។

លោកបណ្ឌិត ជា ចំរើន ​​បាន​បញ្ជាក់​បន្ថែម​ថា លក្ខណៈសម្បត្តិទាំងនេះហើយ ដែលស្ថាប័ន​គណៈកម្មការអន្តរជាតិ​ទាំង៥ រួមមាន ១)សហព័ន្ធសារព័ត៌មាន (Innovation Mass Media Confederation), ២)មូលនិធិ​ធម្មជាតិមង្គល (Thamma Chot Mongkhol Foundation_ពី៣ប្រទេស នេប៉ាល់ ថៃ និងឥណ្ឌា), ៣)សាកលវិទ្យាល័យអន្តរជាតិនៃគុណធម៌ សហរដ្ឋអាមេរិក (Internatoinal University of Morality At U.S.A.), ៤)សភាអន្តរជាតិ ដើម្បីសន្តិសុខ សន្តិភាព និងភាពយុត្តិធម៌ នៃអង្គការសហប្រជាជាតិ (Internatoinal Parliament for Safety and Peace Justic – United Nations) (IPSPJ-UN) និង​ ៥)អង្គភាពអភិរក្ស និងការពារធនធានធម្មជាតិពិភពលោក (Prevent & protect inspector world natural resources ) បានធ្វើការវាយតម្លៃ ហើយសម្រេចប្រគល់ពានរង្វាន់សហគ្រិនឆ្នើម “ផ្នែក​វិទ្យាសាស្រ្តសេដ្ឋកិច្ចអន្តរជាតិ និងភាពជាអ្នកដឹកនាំអាជីវកម្ម លើកទី២ ឆ្នាំ២០២២ ដើម្បីលើកកម្ពស់​គុណធម៌ គុណតម្លៃ ក្នុងសង្គមមនុស្សជាតិទូទាំងពិភពលោក សម្រាប់បុគ្គលឆ្នើម” មកដល់រូបលោក ឥស្សរជនកម្ពុជា និង​ឥស្សរជនពីបណ្តា​ប្រទេសផ្សេងៗទៀតទូទាំងពិភពលោក៕