លោក សោម ពិសិដ្ឋ អះអាងថា អាជីវករមួយចំនួនតាំងខ្លួនជាអធិរាជឆ្នេរសមុទ្រកែប

សង្គម​ និង​សេដ្ឋកិច្ច

អភិបាលខេត្តកែប បានលើកឡើងអះអាងថា អាជីវករមួយចំនួនតាំងខ្លួនជាអធិរាជប្រចាំតំបន់ឆ្នេរកែប។ លោកថា វាដល់ពេលវេលាដែលអាជីវករត្រូវចូលរួមជាមួយអជ្ញាធរ ដើម្បីដោះស្រាយកុំឲ្យប៉ះពាល់ដលើសិទ្ធិប្រជាជនកម្ពុជាទាំង១៦លាននាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការថ្លែងបញ្ជាក់អះអាងពីលោក សោម ពិសិដ្ឋ អភិបាលខេត្តកែប តាមរយៈផេកព័ត៌មានខេត្តកែបនាពេលថ្មីៗកន្លងទៅ ក្រោយពីអាជីវកររកសុី​ជួលកន្លែងតំបន់ឆ្នេរឲ្យភ្ញៀវទេសចរណ៍អង្គុយលេងតាមឆ្នេរសមុទ្រយកថ្លៃលើសលប់ ដែលមានតូបមួយតំលៃខ្ពស់ចន្លោះ ២០$​ ទៅ​ ៣០$​ ថ្លៃជាងសណ្ឋាគារ ផ្ទះសំណាក់មួយយប់ទៅទៀត​។ ជាពិសេសនារដូវបុណ្យទានម្តងៗ សូម្បីតែចតឡានលើថ្នល់ឈប់រយៈពេលខ្លីក៏យកប៉ាស៊ី ៥០០០រៀលផងដែរ។

ជុំវិញបញ្ហានេះ ហើយដើម្បីដោះស្រាយ លោក សោម ពិសិដ្ឋ បានបញ្ជាក់ថា ផ្នត់គំនិតអាក្រក់ៗនេះត្រូវការប្រើពេលវេលា ដោយចាប់ផ្តើមអប់រំផ្សព្វផ្សាយទៅកាន់អាជីវករជាជំហានដំបូង។ លោកបន្តថា ក្នុងករណីអាជីវករដើរហួសបន្ទាត់ក្រហម អាជ្ញាធរត្រូវតែបន្តអប់រំ ប៉ុន្តែប្រសិនបើនៅតែបន្តសកម្មភាពដដែលនឹងចាត់វិធានការរដ្ឋបាលនិងចាត់ការតាមផ្លូវច្បាប់។

លោក ពិសិដ្ឋ ថ្លែងថា៖ “នៅតាមទីសាធារណៈអត់មានឱ្យអាជីវករណាមួយ ត្រូវបានអាជ្ញាធរអនុញ្ញាតិឱ្យពលរដ្ឋរកស៊ីលើទីសាធារណៈឡើយ។ ទន្ទឹមនឹងនេះលោកក៏ព្រមានដល់អាជ្ញាធរណាដែលហ៊ានអនុញាតិឱ្យរកស៊ី បុគ្គលនោះនឹងទទួលខុសត្រូវចំពោះមុខច្បាប់ និងអាជីវករ”។

អភិបាលខេត្តកែបរូបនេះបញ្ជាក់ថា លោកបានខំខិតប្រឹងប្រែងដើមឈើ កែសោភ័ណហេដ្ឋារចនាសម្ព័ន្ធ និងការរក្សាអនាម័យក្នុងខេត្តមិនមែនធ្វើឡើងឱ្យក្រុម ឬបុគ្គលណាមួយដើម្បីធ្វើជាប្រយោជន៍ផ្ទាល់ខ្លួននោះទេ គឺដើម្បីប្រយោជន៍សាធារណៈប៉ុណ្ណោះ។

ជាមួយគ្នានេះ លោកក៏បានស្នើឱ្យកងកម្លាំងប្រដាប់អាវុធ សមត្ថកិច្ច និងស្ថាប័នតុលាការត្រូវសហការគ្នាដើម្បីរាបរយសណ្ដាប់ធ្នាប់តាមដងផ្លូវ ឬតំបន់ឆ្នេរ។ ការស្នើសុំនេះលោក សោម ពិសិដ្ឋបញ្ចាក់បន្ថែមថា ដោយសារអាជីវករមួយចំនួនតាំងខ្លួនថានៅតាំងពីឆ្នាំ៩០ ហើយខ្លះទៀតថាកាន់កាប់តាំងពីសម័យ៧៩មកម្លេះ៕