អតីតក្មេងវត្ត និងធ្លាប់គេបណ្តេញចេញពីសាលា តស៊ូវិវត្តន៍ខ្លួនក្លាយជាឧកញ៉ាថៅសាលាឯកជន

ជុំវិញ​ឧកញ៉ា

លោក ហេង វ៉ាន់ដា កើតនៅខេត្តកណ្តាល ដែលត្រូវបានលោកឱពុកស្លាប់ចោលនៅអាយុ ៦ឆ្នាំ ចំណែកឯអ្នកម្តាយធ្វើនំល្ពៅឲ្យលោកជាមួយបងៗដោយទូនំលក់តាមផ្លូវ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយសារស្ថានភាពជីវិតចេះតែលំបាកឡើងៗ អស់ជម្រើសលោកក៏សម្រេចទៅនៅវត្តហើយការស្នាក់នៅនោះគ្មានអាហារគ្រប់គ្រាន់ឡើយ សូម្បីសៀវភៅអានក៏បន្សល់ទុកពីអ្នករាមច្បងក្នុងវត្តតែប៉ុណ្ណោះ។

លោក វ៉ាន់ដា ធ្លាប់បានហែលឆ្លងកាត់របបខ្មែរក្រហម នឹងត្រូវបានរបបនេះជំលៀសឱ្យមករស់នៅស្រុកកោះធំ ខេត្តកណ្តាល នឹងចូលធ្វើជាកងចល័តស្រុក ដែលជាកងចល័ត ១៧មេសា។

ក្រោយឆ្នាំ១៩៨៣ លោកបានចូលបំរើការងារនៅក្រសួងហិរញ្ញវត្ថុ និងជាគ្រូបង្រៀនផ្នែកគណនេយ្យនៅសាកលវិទ្យាល័យ ន័រតុន ហើយក្រោយមកសាលានេះបានបណ្តេញលោកចេញឈប់លែងឱ្យបង្រៀន។

ក្រោយមក លោកក៏សម្រេចចិត្តបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលផ្នែកគណនេយ្យ ស្ថិតនៅផ្លូវម៉ៅសេទុង រាជធានីភ្នំពេញ ដោយទទួលបានសិស្សរៀនច្រើនលើសលប់រកតែកន្លែងអង្គុយគ្មានផង រហូតហៀដល់ផ្លូវឯណេះ។

បន្តិចម្ដងៗ កេរ្តិ៍ឈ្មោះរបស់លោកកាន់តែល្បីឡើងៗ ជាគ្រូបង្រៀនផ្នែកគណនេយ្យ។ នៅចុងឆ្នាំ២០០០ បន្ទាប់ពីសាលា ន័រតុន បណ្តេញលោកចេញ ឬអាចនិយាយបានថា ព្រោះតែតូចចិត្តគេដេញចេញទើបលោកបង្កើតវិទ្យាស្ថាន វ៉ាន់ដា គណនេយ្យ នេះឡើងរហូតមកដល់បច្ចុប្បន្ន។

ដោយនិស្ស័យពីកំណើត និងការតស៊ូបានធ្វើឱ្យជីវិតរបស់លោកទទួលជោគជ័យ ដែលចាប់ផ្ដើមជីវិតឡើងឃើញនឹងភ្នែកជួបប្រទះតែភាពក្រីក្រលំបាក កំព្រាឱពុក ចេញចោលផ្ទះមករស់នៅទីវត្តអារាមចោលម្តាយតស៊ូជាមួយឧបសគ្គទម្រាំរកឃើញនូវភាពជោគជ័យ។

បណ្ឌិត ហេង វ៉ាន់ដា ត្រូវបានព្រះមហាក្សត្រកម្ពុជា ត្រាស់បង្គាប់ផ្ដល់គោរមងារជា “ឧកញ៉ា” នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០១២២/០១០។ បច្ចុប្បន្នឧកញ៉ា ហេង វ៉ាន់ ជាប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមគ្រឹះស្ថានឧត្តមសិក្សា និងជាប្រធានក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានវ៉ាន់ដា។

លោកថ្លែងថា បទពិសោធន៍ជីវិតជាកូនអ្នកក្រគ្មានអ្វីក្រៅពីការខិតខំសិក្សារៀនសូត្រ តស៊ូអំណត់អត់ធ្មត់ឡើយ។ កូនអ្នកក្រដាច់ត្រូវតែរៀនសូត្រឱ្យខ្ពស់ ទោះបីជាមានស៊ីអត់ស៊ីក៏ដោយត្រូវតែតស៊ូ។

លោកបន្ថែមថា៖ រៀនហើយរៀនទៀត …កាន់តែរៀន កាន់តែដឹងថា នៅសល់ច្រើនទៀតដែលមិនបានដឹង។ ក្នុងន័យនេះលោកចង់រំឭកថា មានរឿងរ៉ាវជាច្រើនដែលយើងនៅមិនទាន់បានដឹង ហើយមានតែរៀនមួយមុខគត់ទើបអាចដឹងច្បាស់ នឹងបន្តរៀនឥតឈប់ឈរ៕