លោក ង៉ែត ជូ អ្នកស្រាវជ្រាវ និងជាអ្នកជំនាញហិរញ្ញវត្ថុ បានរំលេចនូវហេតុផលដ៏សំខាន់ចំនួន ៥ចំណុច ដើម្បីអភិវឌ្ឍកម្ពុជាឱ្យក្លាយជាអរិយប្រទេស គឺចាំបាច់ត្រូវពង្រឹងគុណភាពមនុស្ស ហើយស្មារតីត្រូវនៅឲ្យខ្ពស់ជាងសម្ភារ។
បើតាមការលើកឡើងពីអ្នកជំនាញហិរញ្ញវត្ថុ លោក ង៉ែត ជូ នៅថ្ងៃទី៣ ខែតុលានេះ បានលើកឡើងថា ក្នុងទ្រឹស្តីកុម្មុយនីសគេថាសម្ភារកំណត់ស្មារតី។ ទ្រឹស្តីនេះហួសសម័យកាល និងមិនត្រូវកាលៈទេសៈរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន និងរបៀបនៃការអភិវឌ្ឍរបស់អរិយប្រទេសនានាក្នុងពិភពលោកនោះទេ។ លោកបន្តថា ស្មារតីនេះ គួរតែជាអ្នកកំណត់សម្ភារ និងនៅអោយខ្ពស់ជាងសម្ភារ។
លោកថា និយាយអោយងាយយល់ទៅ យើងមិនអាចកសាងកម្ពុជាអោយក្លាយជាអរិយប្រទេសបាននោះទេ ប្រសិនបើគុណភាពរបស់មនុស្សមានកំរិត។
អ្នកជំនាញហិរញ្ញវត្ថុ និងជាវិនិយោគិនមួយរូបនៅកម្ពុជា បានផ្តល់នៅឧទាហរណ៍ចំនួន៥ ដូចខាងក្រោម៖
១) ប្រជាជនខ្លះកាត់របាំងផ្លូវល្បឿនលឿនដើម្បីលក់ដូរ ឬយកទៅលក់អេតចាយ។
២) ប្រជាជនខ្លះគិតថាការកេងប្រវញ្ច័ ឬលួចបន្លំដើម្បីផលប្រយោជន៏ផ្ទាល់ខ្លួនថាជាការឆ្លាតវៃ។ បង្កប់ក្នុងពាក្យថាកន្លែងខ្លាញ់ កន្លែងត្រូវប៉ាន់។ល។
៣) ប្រជាជនខ្លះជិះរថយន្តថ្លៃប៉ុន្តែមិនបង់ពន្ធនាំចូលអោយបានត្រឹមត្រូវ។
៤) ប្រជាជនជាច្រើននៅបោះសំរាមពាសវាលពាសកាល។ល។
៥) ប្រជាជនគោរពផ្លាកសញ្ញាចរាចរតែនៅពេលមានវត្តមានប៉ូលីសចរាចរ៕