អ្នកឧកញ៉ា ពុង ឃាវសែ ម្ចាស់ធនាគារ កាណាឌីយ៉ា និងជាអគ្គនាយកក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ត្រូវបានទទួលការតែងតាំងជា «អនុប្រធាន» សមាគមមិត្តភាពកម្ពុជា-ឡាវ។
តាមរយៈទំព័រហ្វេសប៊ុករបស់ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ បានឱ្យដឹងថា នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម នាង ផាត ប្រធានសមាគមមិត្តភាពកម្ពុជា-ឡាវ បានអញ្ជើញប្រគល់សេចក្តីសម្រេចតែងតាំងជូន អ្នកឧកញ៉ា ពុង ឃាវសែ ដែលបានត្រូវតែងតាំងជាអនុប្រធាន នៃសមាគមមិត្តភាពកម្ពុជា-ឡាវ។
គួររំឭកថា សមាគមមិត្តភាពកម្ពុជា-ឡាវ ត្រូវបានបង្កើតឡើងដោយសម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១។
ក្នុងសេចក្ដីសម្រេចបង្កើតដំបូងនោះ បានបញ្ជាក់ថា សមាគមមិត្តភាពកម្ពុជា-ឡាវ មាន នាយឧត្ដមសេនីយ៍ នាង ផាត ជាប្រធាន, លោក ប៊ូ ឡាំ, លោក សោម រតនា, លោកស្រី ទួត បញ្ញា, លោក លី ហុង, អភិបាលខេត្តស្ទឹងត្រែង រតនគិរី ព្រះវិហារ ជាអនុប្រធាន និងលោក វ៉ាន់ លីហៀង ជាអគ្គលេខាធិការ និងអគ្គលេខាធិការរង ចំនួន៥រូប រួមទាំងសមាជិក២០រូបផងដែរ។
សូមជម្រាបថា សមាគមមិត្តភាពកម្ពុជា-ឡាវ ដើរតួនាទីយ៉ាងសំខាន់ក្នុងការបន្តរពង្រឹង និងពង្រីកលើកិច្ចសហប្រតិបត្តិការ ចំណងមិត្តភាពរវាង ប្រជាជននិងប្រជាជន នៃប្រទេសទាំងពីរកម្ពុជា-ឡាវឲ្យកាន់តែរឹងមាំ និងរីកចម្រើនថែមទៀត៕