នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២នេះ អគ្គបញ្ជាការដ្ឋាននៃក្រសួងការពារជាតិ បានចេញសេចក្តីសម្រេចដំឡើងឋានន្តរស័ក្តិជូនដល់ យោធិន២រូប ដែលបានពលីជីវិតក្នុងបេសកកម្មចុះជួយសង្គ្រោះក្មេងប្រុសលង់ទឹកដោយសារជំនន់ទឹកភ្លៀង នៅចំណុចអាងអង្រង ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ បានសម្រេចដំឡើងឋានន្តរស័ក្តិជាកិច្ចបច្ឆាមរណៈជូនដល់សពយោធិនទាំង២រូបដូចខាងក្រោម៖
១. ពលបាលឯក ឈន ស៊ីដេត អត្តលេខ ២៣៤៦៩០ យោធិន វរសេនាតូចលេខ៤២២ កងពលតូចថ្មើរជើងលេខ៤២ យោធភូមិភាគទី៤ ដំឡើងឋានន្តរស័ក្តិទៅជាថ្នាក់ «អនុសេនីយ៍ឯក» (ស័ក្តិ៣)។
២. ពលទោ វ៉ាន់ ថុល អត្តលេខ ២៣៤១៤២ យោធិន វរសេនាតូចលេខ៤២២ កងពលតូចថ្មើរជើងលេខ៤២ យោធភូមិភាគទី៤ ដំឡើងឋានន្តរស័ក្តិទៅជាថ្នាក់ «អនុសេនីយ៍ឯក» (ស័ក្តិ៣)។
សូមរំលឹកថា កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ យោធិនវរសេនាតូច៤២២ របស់កងពលតូចថ្មើរជើងលេខ៤២ ចំនួន ២នាក់ បានទៅបង់ត្រី នៅទីតាំងខាងលើ ក៏ប្រទះឃើញក្មេងប្រុស ២នាក់ កំពុងលង់ទឹក ទើបចុះជួយសង្គ្រោះ ពេលសង្គ្រោះជីវិតក្មេងបានហើយ ជាអកុសល ទឹកបានហូរគួចខ្លាំង បណ្តាលឱ្យយោធិនទាំង២នាក់ លង់ស្លាប់ទាំង២នាក់តែម្តង៕