កាលពីពេលថ្មីៗនេះ ធនាគារពិភពលោក បានធ្វើការប្រកាសអំពីការផ្តល់ជំនួយបន្ថែមទៀត ក្នុងទំហំទឹកប្រាក់ប្រមាណ ៥៣០ លានដុល្លារអាមេរិក ទៅកាន់ប្រទេសអ៊ុយក្រែន សម្រាប់បំពេញតម្រូវការបន្ទាន់ ដែលបង្កឡើង ដោយសារតែការឈ្លានពានរបស់រុស្ស៊ី ។
ធនាគារពិភពលោក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីចុងសប្តាហ៍មុនថា ជំនួយដែលនឹងត្រូវផ្តល់ឱ្យនេះ ស្ថិតនៅក្នុងទម្រង់ជាប្រាក់កម្ចី ពីធនាគារអន្តរជាតិ សម្រាប់ការកសាងឡើងវិញ និងការអភិវឌ្ឍន៍របស់អ៊ុយក្រែន ដែលត្រូវបានធានាដោយចក្រភពអង់គ្លេស ក្នុងចំនួនទឹកប្រាក់ ៥០០ លានដុល្លារ និងប្រទេសដាណឺម៉ាក ចំនួន ៣០ លានដុល្លារបន្ថែមទៀត ។
លោក Anna Bjerde អនុប្រធានរបស់ធនាគារពិភពលោក ប្រចាំនៅតំបន់អឺរ៉ុប និងអាស៊ីកណ្តាល បាននិយាយថា ការបំផ្លិចបំផ្លាញ ការខូចខាត និងការផ្លាស់ទីលំនៅ នៅក្នុងប្រទេសអ៊ុយក្រែន គឺជាមានមានទំហំធំធេង ហើយអាចបន្តកើនឡើងបន្ថែមទៀត។ ប្រជាជនអ៊ុយក្រែន មានផ្លូវដ៏វែងឆ្ងាយ ក្នុងការស្តាឡើងវិញ ហើយដៃគូអភិវឌ្ឍន៍របស់យើង នឹងបន្តរួមដៃគ្នា ដើម្បីគាំទ្រដល់ការកសាងប្រទេសឡើងវិញ របស់អ៊ុយក្រែន ។
លោក Bjerde បានបន្ថែមទៀតថា តាមការប៉ាន់ប្រមាណរបស់ធនាគារពិភពលោក ការចំណាយក្នុងការកសាង និងការស្តារឡើងវិញ សម្រាប់អ៊ុយក្រែន អាចមានចំនួនរហូតដល់ ១០០ ពាន់លានដុល្លារ ក្នុងរយៈពេលបីឆ្នាំខាងមុខ ខណ:នេះជាតួលេខមួយ ដែលរំពឹងថានឹងអាចកើនឡើងបន្ថែមទៀត បើសិនសង្រ្គាមនៅតែបន្ត។
ទន្ទឹមនេះ ធនាគារបាននិយាយថា ខ្លួនបានកៀងគរស្វែងរកថវិកាសង្គ្រោះបន្ទាន់ជិត ១៣ ពាន់លានដុល្លារ សម្រាប់ផ្តល់ជូនប្រទេសអ៊ុយក្រែន ដែលក្នុងនោះសហរដ្ឋអាមេរិកបានផ្តល់ជូន ១១ ពាន់លានដុល្លាររួចទៅហើយ ៕