កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលបានបញ្ចេញទិន្នន័យកំណើនភ្ញៀវទេសចរណ៍អន្តរជាតិដែលបានធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសឥណ្ឌូណេស៊ី ហើយតាមរបាយការណ៍នោះបានបញ្ជាក់ថា កាលពីខែសីហាភ្ញៀវអន្តរជាតិបានមកកម្សាន្តនៅឥណ្ឌូណេស៊ីមានការកើនឡើងខ្ពស់បំផុត។
ដោយឡែក បើយោងតាមការចុះផ្សាយពី CNA បានទម្លាយឲ្យដឹងថា ចំនួនភ្ញៀវទេសចរណ៍ដែលបានមកកម្សាន្តនៅឥណ្ឌូណេស៊ីកាលពីខែសីហាមានប្រមាណ ៥១០ ២០០ នាក់ ច្រើនជាងកាលពីឆ្នាំទៅរាប់សិបដង ពោលកាលពីឆ្នាំទៅភ្ញៀវទេសចរណ៍មានត្រឹម ១ ៨០០ នាក់ប៉ុណ្ណោះក្នុងរយៈពេលដូចគ្នា។
ប្រភពដដែលបានបន្ថែមទៀតថា ទិន្នន័យពីខែមករាដល់សីហា ឥណ្ឌូណេស៊ីបានទទួលភ្ញៀវទេសចរណ៍ប្រមាណ ១,៧៣ លាននាក់ កើនឡើងពី ៨១ ២៩២ បើធៀបនឹងឆ្នាំទៅ។
បើទោះជាទិន្នន័យមានការកើនឡើងខ្ពស់បើធៀបនឹងឆ្នាំទៅក្ដី ប៉ុន្តែបើក្រឡេកទៅមើលស្ថិតិកាលពីឆ្នាំ ២០១៨ និង ២០១៩ វិញ គឺនៅតិចនៅឡើយ ដ្បិតមុនកើតមានជំងឺរាតត្បាត ឥណ្ឌូណេស៊ីធ្លាប់ទទួលភ្ញៀវទេសចរណ៍ប្រមាណ ៨ លាននាក់ក្នុងមួយឆ្នាំ៕