ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា យល់ឃើញថា ការសម្រេចដកចេញនូវវិធានការសុខាភិបាល សម្រាប់ជនបរទេស ដែលចូលមកប្រទេសកម្ពុជា គឺជាឱកាសអំណោយផលមួយទៀត សម្រាប់ទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងវិនិយោគិនពីក្រៅប្រទេសឱ្យមកកម្ពុជា កាន់តែច្រើនឡើង។
ការលើកឡើងខាងលើ គឺបន្ទាប់ពីកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២ ម្សិលមិញនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្ដដកចេញវិធានការសុខាភិបាល សម្រាប់ជនបរទេសដែលចូលមកប្រទេសកម្ពុជាទាំងតាមផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ដោយមិនតម្រូវឱ្យបង្ហាញសេចក្ដីប្រកាសសុខភាពរបស់អ្នកដំណើរ និងបណ្ណ ឬវិញ្ញាបនបត្រចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ពេញលេញ ពោលគឺចាប់ពីពេលនេះតទៅការចេញចូលនៅកម្ពុជា នឹងបើកទូលាយដូចធម្មតាទោះបីជាបានចាក់វ៉ាក់ ឬមិនបានវ៉ាក់សាំង ដោយគ្រាន់តែពិនិត្យកម្តៅលើអ្នកដំណើរមុននឹងចូលមកកម្ពុជាប៉ុណ្ណោះ។
ឧកញ៉ា លឹម ហេង បានលើកឡើងដូច្នេះថា ស្របពេលដែលកម្ពុជា បានអនុវត្តកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្មនានា បានធ្វើឱ្យវិនិយោគបរទេសមានចំណាប់អារម្មណ៍មកលើកម្ពុជា ហើយការសម្រេចរបស់រាជរដ្ឋាភិបាល លើការបើកចំហរនូវវិធានការសុខាភិបាលនេះ នឹងក្លាយជាចលករមួយទៀត សម្រាប់ទាក់ទាញវិនិយោគិន ក៏ដូចជាភ្ញៀវទេសចរបរទេស ឱ្យមកកាន់ប្រទេសកម្ពុជាកាន់តែច្រើន ក្នុងការមកសិក្សាស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា ហើយការបើកទូលាយឱ្យមានការចេញចូលកម្ពុជាជាធម្មតានេះ បានសបញ្ជាក់ឱ្យឃើញថា ការដឹកនាំរបស់រាជរដ្ឋាភិបាល បានយកឈ្នះលើកូវីដ១៩ ។
“យើងមើលបរិបទសកលសព្វថ្ងៃនេះ ការទប់ស្កាត់កូវីដមានវ៉ាក់សាំងចាក់ស្ទើរគ្រប់ប្រទេសហើយ ដែលបានបើកទូលាយបណ្តើរហើយនៅបរទេសនោះ ប៉ុន្តែមិនទាន់បើកទូលាយដូចកម្ពុជាទេ កម្ពុជាយើងមានលទ្ធភាពជាងគេ ដែលថ្នាក់ដឹកនាំរដ្ឋាភិបាលបានយកឈ្នះ ដោយសារការចាក់វ៉ាក់សាំង ជិត១០០% ដែលយើងរំពឹងថា ទោះបីឆ្លងក៏មិនបណ្តាលឱ្យមានហានិភ័យខ្ពស់រហូតដល់ថ្នាក់បាត់បង់ជីវីតដែរ ដែលជាចំណុចមួយយើងមិនមានការបារម្ភធ្ងន់ធ្ងរទេ”។ ឧកញ៉ា លឹម ហេង បានបញ្ជាក់បន្ថែម។
បើតាមការព្យាករណ៍របស់ក្រសួងទេសចរណ៍ ក្នុងឆ្នាំ២០២២នេះ កម្ពុជាអាចនឹងទទួលបានទេសចរអន្តរជាតិចាប់ពី ១.៥លាននាក់ទៅ២លាននាក់ ខណៈត្រឹមរយៈពេល៨ខែឆ្នាំ២០២២ ទេសចរអន្តរជាតិចូលមកកម្ពុជាមានជិត ១លាននាក់ កើនឡើង៧២០% បើធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១៕