កាលពីថ្ងៃចន្ទ ទី០៣ ខែតុលា ឆ្នាំ២០២២ អ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានទទួលស្វាគមន៍ក្រុមការងារគម្រោង Build4People នៃប្រទេសអាល្លឺម៉ង់ នៅការិយាល័យរបស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា។
ក្រុមការងារគម្រោង Build4People នេះបានចុះអនុសារណៈកិច្ចសហប្រតិបត្តិការជាមួយសាលារាជធានីភ្នំពេញ និងបានសហការជាមួយមហាវិទ្យាល័យ គណិតវិទ្យា វិទ្យាសាស្ដ្រកុំព្យូទ័រ និងវិទ្យាសាស្ដ្រធម្មជាតិនៃសាកលវិទ្យាល័យហេមបឺក លើការអនុវត្តគម្រោងលំនៅដ្ឋានដែលមានចីរភាព សម្រាប់ប្រជាជន-បង្កើតគុណភាពការរស់នៅនៃប្រជាជនទីក្រុងតាមរយៈគម្រោង Build4People។
កិច្ចប្រជុំនេះ មានខ្លឹមសារដូចជា៖ លើកកម្ពស់គុណភាពនៃជីវិត តាមរយៈការប្រែមុខមាត់នៃគម្រោងទីក្រុង, ការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាពតាមបែបចម្រុះ, ការកសាងអគារប្រកបដោយចីរភាព ដោយពង្រីកហេដ្ឋារចនាសម្ព័ន្ធបៃតង, គម្រោងថាមពលកកើតឡើងវិញនៃរចនាស្ថាបត្យកម្មបន្សាំទៅនឹងអាកាសធាតុ។
សម្រាប់គោលបំណង ដែលក្រុមការងារគម្រោង Build4People ស្នើសុំជួបពិភាក្សាជាមួយសមាគម គឺដើម្បីស្នើសុំយោបល់ និងអនុសាសន៍ពីការអភិវឌ្ឍន៍លំនៅឋាន ផ្តល់មតិយោបល់ពីការអនុវត្តគម្រោង Build4People លើការអនុវត្តគម្រោងនេះ និងបង្កើនកិច្ចសហប្រតិបត្តការជាមួយសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា។
សូមបញ្ជាក់ថា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ត្រូវបានចុះបញ្ជីសមាគម និងទទួលស្គាល់ជាផ្លូវការពីរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥។ គោលបំណង និងបេសកម្មរបស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា គឺដើម្បី៖
១.ផ្ដល់ជាវេទិកាផ្លាស់ប្ដូរ បទពិសោធន៍គ្នាទៅវិញទៅមក រវាងអ្នកវិនិយោគល់វិស័យ សំណង់ បុរី និង លំនៅឋាន។
២.ជួយដោះស្រាយបញ្ហារួម និងបញ្ហាដោយឡែករបស់ សមាជិក-សមាជិកា ព្រមទាំងផ្ដល់ការប្រឹក្សាយោបល់លើបញ្ហាហិរញ្ញវត្ថុ ពន្ធដារ ច្បាប់លើវិស័យសំណង់ បុរី និង លំនៅឋាន។
៣.ផ្សព្វផ្សាយផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុន ស្វែងរកដៃគូរវិនិយោគ និងបណ្ដាក់ទុនក្នុងការធ្វើជំនួញតាមរយៈសមាគម ។
៤.តួនាទីរួមចំណែកមួយផ្នែកទៀត គឺសមាគម ក៏នឹងចូលរួមចំណែកសហការផ្ដល់ព័ត៌មាន ជូនដល់រាជរដ្ឋាភិបាលពាក់ព័ន្ធ នឹងការអភិវឌ្ឍន៍ នៃវិស័យសំណង់លំនៅឋាន នៅកម្ពុជា និងទប់ស្កាត់រាល់ការវិនិយោគ ដែលមានភាពមិនច្បាស់លាស់ ឬបង្ករភាពចលាចលដល់ទីផ្សារលំនៅឋាននៅកម្ពុជា ។
សកម្មភាពទាំងអស់ ក្នុងបំណងជារួម គឺដើម្បីរួមចំណែកអភិវឌ្ឍន៍លំនៅដ្ឋាននៅកម្ពុជា ព្រមទាំងចូលរួមចំណែកលើកស្ទួយសេដ្ឋកិច្ចជាតិ និងឧត្តមភាពនៃមាតុភូមិកម្ពុជា៕