សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជួបពិភាក្សាការងារទ្វេរភាគីជាមួយ លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នាយករដ្ឋមន្ត្រីគុយបា នៅវិមានសន្តិភាព នាល្ងាច ថ្ងៃទី០៤ ខែតុលានេះ ។ ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្ដូរទស្សនៈគ្នាទៅវិញទៅមក ទាក់ទងនឹងបញ្ហាតំបន់ផង និងបញ្ហាពិភពលោកផង។
ក្នុងជំនួបនេះ លោក ម៉ានូអែល ក៏បានសំដែងនៅឆន្ទៈ ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យកាន់តែខ្លាំងឡើង នោះគឺឈរលើមូលដ្ឋាន នៃទំនាក់ទំនងដែលមានស្រាប់, ជំរុញការអនុវត្តនូវរាល់អនុស្សារណៈទាំងឡាយណា ដែលបានចុះហត្ថលេខាហើយ ក្នុងនោះរួមមានទាំងវិស័យអប់រំ វិស័យសុខាភិបាល វិស័យវប្បធម៌ និងវិស័យដទៃទៀត។ ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីគុយបា ក៏បានអរគុណកម្ពុជាដែលបានផ្ដល់អង្ករចំនួន៦ពាន់តោនមកដល់ប្រទេសគុយបាផងដែរ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានឯកភាពចំពោះអ្វីដែលបានលើកឡើងដោយលោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស ហើយសម្ដេច ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែង និងភាពជោគជ័យដែលប្រទេសគុយបា បានទទួល នោះគឺការស្រាវជ្រាវលើវិស័យសុខាភិបាល, ការផលិតបាននូវវ៉ាក់សាំង សម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ។ ក្នុងន័យនេះ សម្ដេចតេជោ បានស្នើសុំឱ្យគុយបា ពិនិត្យពិចារណា ជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេស លើវិស័យសុខាភិបាលនេះ និងវិស័យដទៃទៀតដែលជារួមមាន៖ វិស័យកីឡា វិស័យវិនិយោគ និងវិស័យព័ត៌មានជាដើម។
ឆ្លៀតក្នុងឱកាសនោះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានសំដែងនូវអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនគុយបា ដែលកន្លងមក បានជួយដល់កម្ពុជា ជាពិសេស នៅពេលដែលកម្ពុជា បានទទួលនូវផលលំបាកជាខ្លាំងបំផុត គឺនៅពេលដែលកម្ពុជា ត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត ដែលគុយបា បានផ្ដល់នូវការឧបត្ថម្ភលើវិស័យសុខាភិបាល និងវិស័យដទៃទៀត ដល់កម្ពុជា៕