អត្រាអតិផរណារបស់ប្រទេសឥណ្ឌូនេស៊ី នៅក្នុងខែកញ្ញាកន្លងទៅ បានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ចាប់តាំងពីខែតុលា ឆ្នាំ ២០១៥ មក ដោយសារតែថ្លៃដឹកជញ្ជូនកើនឡើងកាន់តែខ្ពស់ បន្ទាប់ពីការឡើងថ្លៃប្រេងឥន្ធន: ។ នេះបើយោងតាមស្ថិតិផ្លូវការមួយ ចេញផ្សាយដោយរដ្ឋាភិបាលឥណ្ឌូនេស៊ី ។
នៅក្នុងខែកញ្ញា អតិផរណាប្រចាំឆ្នាំ បានកើនឡើងដល់កម្រិត ៥,៩៥% ពោលគឺបានកើនឡើងពី ៤,៦៩% នៅក្នុងខែសីហា នៅឆ្នាំ ២០២២ នេះ ។
ដោយឡែកសម្រាប់អត្រាអតិផរណាស្នូលប្រចាំឆ្នាំ ដែលមិនរាប់បញ្ចូលតម្លៃ ដែលគ្រប់គ្រងដោយរដ្ឋាភិបាល និងតម្លៃស្បៀងអាហារ ដែលមានការប្រែប្រួល បានឈានដល់ ៣,២១% ធៀបនឹងអត្រា ៣,០៤% នៅក្នុងខែសីហា ។
លោក Margo Yuwono ប្រធានផ្នែកស្ថិតិឥណ្ឌូនេស៊ី បាននិយាយថា អតិផរណាខែកញ្ញា បានកើនឡើង ភាគច្រើនគឺត្រូវបានប៉ះពាល់ដោយការឡើងថ្លៃប្រេងឥន្ធន: និងអតិផរណា នៅក្នុងវិស័យដឹកជញ្ជូន ។ លោកបន្ថែមទៀតថា អតិផរណាឥណ្ឌូនេស៊ី អាចនឹងបន្តកើនឡើងបន្ថែមទៀត នៅក្នុងខែតុលា ដោយសារតែតំបន់មួយចំនួន នៅមិនទាន់បានដំឡើងថ្លៃដឹកញ្ជូនរបស់ខ្លួន នៅឡើយទេ ៕