នាយករដ្ឋមន្ត្រីម៉ាឡេស៊ី គ្រោងចូលគាល់ព្រះមហាក្សត្រ ដើម្បីសម្រេចអំពីការរំលាយសភា

អន្តរជាតិ

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Ismail Sabri Yaakob បានបញ្ជាក់ប្រាប់នៅថ្ងៃអង្គារនេះថា លោកនឹងចូលគាល់ព្រះមហាក្សត្រ Al-Sultan Abdullah Ri’ayatuddin Al-Mustafa Billah Shah នៅក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីធ្វើការសម្រេចចុងក្រោយ អំពីការរំលាយសភា ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក បានរាយការណ៍ឱ្យដឹងថា លោក Ismail មិនទាន់បានបញ្ជាក់ច្បាស់លាស់ អំពីរបៀបវារ:នៃកិច្ចប្រជុំជាមួយនឹងព្រះមហាក្សក្រ ដែលរំពឹងថានឹងត្រូវធ្វើឡើងនៅថ្ងៃព្រហស្បតិ៍នេះ នៅឡើយទេ ប៉ុន្តែនាយករដ្ឋមន្ត្រីរូបនេះ បានអះអាងថា ការសម្រេចចិត្តអំពីពេលណា ដែលត្រូវរំលាយសភា គឺជាសិទ្ធិរបស់លោក ។

រឿងទាំងនេះ ត្រូវបានកើតឡើង បន្ទាប់ពីក្រុមប្រឹក្សាកំពូលនៃអង្គការជាតិម៉ាឡេស៊ី (UMNO) បានធ្វើការសម្រេចចិត្តកាលពីថ្ងៃសុក្រសប្តាហ៍មុនថា សភាត្រូវតែរំលាយ ក្នុងពេលឆាប់ៗ ដើម្បីអាចឱ្យមានការបោះឆ្នោតជាសកលធ្វើឡើង នៅឆ្នាំនេះ។ ទន្ទឹមនឹងនោះ ក្រុមប្រឹក្សាជាន់ខ្ពស់ ក៏បាននិយាយផងដែរថា លោក Ismail Sabri នឹងបង្ហាញកាលបរិច្ឆេទនៃការរំលាយសភា នៅពេលត្រូវបានស្នើឡើងទៅកាន់ព្រះមហាក្សត្រ ។

មិនតែប៉ុណ្ណោះ មានការរំពឹងទុកយ៉ាងខ្លាំងថា នាយករដ្ឋមន្ត្រីលោក Ismail មានសិទ្ធិគ្រប់គ្រាន់ ក្នុងការរំលាយសភា បន្ទាប់ពីថវិការជាតិ សម្រាប់ឆ្នាំ ២០២៣ ត្រូវអនុម័តដាក់ឱ្យដំណើរការនៅថ្ងៃសុក្រខាងមុខនេះ ស្របពេលលោកបានបញ្ជាក់ប្រាប់ទៅកាន់អ្នកយកព័ត៌មានថា ការចូលគាល់ព្រះមហាក្សត្រ គ្រាន់តែជាការសម្រេចចុងក្រោយប៉ុណ្ណោះ ។

តែទោះជាយ៉ាងណាក៏ដោយ ប្រធានគណបក្សប្រឆាំង Parti Islam Se-Malaysia (PAS) លោក Abdul Hadi Awang ហាក់មិនយល់ស្របចំពោះរៀបចំបោះឆ្នោតជាសកលនេះនោះទេ ដោយលើកឡើងថា វាមិនសមរម្យទេ ក្នុងការរំលាយសភាក្នុងរយៈពេលដ៏ខ្លីបែបនេះ ដោយសារតែប្រទេសម៉ាឡេស៊ី កំពុងផ្តោតលើការស្តារសេដ្ឋកិច្ច និងរៀបចំសម្រាប់រដូវ ដែលមានទឹកជំនន់៕