អ្នកឧកញ៉ា ពុង ឃាវសែ ប្រើប្រាស់លុយជាង ៣លានដុល្លារសាងសង់អគារសាកលវិទ្យាល័យផ្ទាល់ខ្លួន

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនសម្ព័ន្ធ កាណាឌីយ៉ា បានផ្តួចផ្តើមគំនិតបង្កើតសាកលវិទ្យាល័យមួយថ្មីជាមួយនឹងអគារផ្ទាល់ខ្លួនតម្លៃជាង ៣លានដុល្លារ ដើម្បីចូលរួមអភិវឌ្ឍវិស័យអប់រំនៅប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សាកលវិទ្យាល័យ​នេះ​ត្រូវបានដាក់ឈ្មោះថា សាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា ហៅកាត់ខេមតិច ដែលទទួលបានការ​គាំទ្រ​ពីសហព័ន្ធខ្មែរ – ចិននៅកម្ពុជា ក្នុងការបណ្តុះទេពកោសល្យវិជ្ជាជីវៈដល់​យុវជន​កម្ពុជា លើ​វិស័យ​វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ដោយមាន​ភាព​ជាដៃគូផ្នែក​បច្ចេកទេសជាម​មួយ​នឹងសាកលវិទ្យាល័យល្បីៗនៅក្នុងតំបន់អាស៊ី។ ក្នុង​ន័យនេះ សាកលវិទ្យាល័យខេមតិច នឹងបណ្តុះបណ្តាល​និស្សិត ដើម្បី​បង្កើន​ឱកាស​ទទួលបាន​ការងារ និងរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជា។

មែនទែនទៅអ្នកឧកញ៉ាចាប់ផ្តើមដំណើរសាកលវិទ្យាល័យតាំងតែពីឆ្នាំ២០១៨មកម្លេះ ប៉ុន្តែនៅក្នុង​ខែមីនាឆ្នាំ២០២១ សាកលវិទ្យាល័យខេមតិច ទើបបានទទួលការអនុញ្ញាតជាផ្លូវការពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើប្រតិបត្តិការដែលមានមហាវិទ្យាល័យចំនួន៥ គឺមហាវិទ្យាល័យវិស្វកម្ម មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម មហាវិទ្យាល័យធុរកិច្ចនិងគ្រប់គ្រង មហាវិទ្យាល័យវិទ្យាសាស្ត្រអនុវត្ត និងមហាវិទ្យាល័យបរិស្ថានសំណង់ប្រកបដោយ​ចីរភាព។

ដើម្បីរួមចំណែកក្នុងការបង្កើតសាកលវិទ្យាល័យនេះ មូលនិធិអ្នកឧកញ៉ាពុង ឃាវសែ ត្រូវបានបង្កើតឡើង។ មូលនិធិនេះបានផ្តល់ផ្ទៃដីទំហំ៥ ហិកតា នៅក្នុងទីក្រុងរណបជ្រោយចង្វារ ធ្វើ​ជាទីធ្លាសាកលវិទ្យាល័យខេមតិច និងបានចំណាយ​​ថវិកា​វិនិយោគជាង៣ លានដុល្លារ ដើម្បីសាងសង់អគារសិក្សាមួយ​នេះ ព្រមជាមួយនឹងការបំពាក់គ្រឿង​​បរិក្ខារសង្ហារិម​ទំនើប នៅក្នុង​អគារ សួនច្បារ និងអាហារដ្ឋាន៕