ក្រុមហ៊ុនខ្នាតយក្សថៃ Betagro គ្រោងរៃអង្គាសប្រាក់ជាង ៤៦៣ លានដុល្លារ ពីការបោះផ្សាយលក់ IPO

អន្តរជាតិ

ក្រុមហ៊ុនអាហារថៃ Betagro Pcl បាននិយាយនៅក្នុង​ឯកសារមួយ នៅក្នុងទីផ្សារហ៊ុន កាលពីថ្ងៃអង្គារថា ខ្លួនគ្រោងនឹងរៃអង្គាសប្រាក់យ៉ាងហោចណាស់ ១៧,៤ ពាន់លានបាត (៤៦៣,៣៨ លានដុល្លារ) ក្នុងការបោះផ្សាយមូលបត្រជាសារណ:លើកដំបូង (IPO) នៅចុងខែនេះ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការបោះផ្សាយលក់ IPO របស់ក្រុមហ៊ុន Betagro នេះទៀតសោត នឹងក្លាយជាការផ្តល់ជូនធំបំផុតទីពីររបស់ប្រទេសថៃ នៅក្នុងឆ្នាំនេះ បន្ទាប់ពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតថៃ (TLIP) បានរៃអង្គាសប្រាក់បានជិត ១ ពាន់លានដុល្លារ ពីការបោះផ្សាយលក់ IPO របស់ខ្លួន នៅក្នុងខែកក្កដាកន្លងទៅ ។

ក្រុមហ៊ុន Betagro ដែលផលិតសាច់ និងអហារសត្វចិញ្ចឹម គ្រោងនឹងផ្តល់ជូនភាគហ៊ុនចំនួន ៤៣៤,៨ លាន ក្នុងតម្លៃ ៤០ បាតក្នុងមួយហ៊ុន ដែលនឹងអាចធ្វើឱ្យក្រុមហ៊ុនខ្លួន បង្កើនទឹកប្រាក់រហូតដល់ ២០ ពាន់លានបាត ។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុននេះ បាននិយាយថា ប្រាក់ចំណូលដែលបានមកពីការលក់ហ៊ុននេះ នឹងត្រូវយកទៅប្រើប្រាស់ ដើម្បីសាងសង់រោងចក្រថ្មី ក៏ដូចជាសងបំណុល និងទុកធ្វើជាដើមទុនបន្តទៀតផងដែរ ។

ជម្រាបផងដែរថា ក្រុមហ៊ុន Betagro ទទួលបានប្រាក់ចំណេញសុទ្ធចំនួន ៣,៩ ពាន់លានបាត រួចមកហើយ នៅក្នុងឆមាសទីមួយ នៃឆ្នាំ ២០២២ នេះ ដែលកើនឡើង ១,២ ពាន់លានបាត បើធៀបនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន ខណ:ការកើនឡើងនេះ បានរួមចំណែកដោយតម្លៃទីផ្សារខ្ពស់ នៅក្នុងជីវកម្មផលិតប្រូតេអ៊ីន រួមទាំងបសុបក្សី ស៊ុត និងអាហារកែច្នៃ ៕