កាលពីថ្ងៃពុធកន្លងទៅ មន្ត្រីហិរញ្ញវត្ថុប្រទេសថៃបានទម្លាយឲ្យដឹងថា កំណើនសេដ្ឋកិច្ចថៃឆ្នាំនេះនឹងរំពឹងថា កើនចន្លោះពី ៣ ទៅ ៣,៥% ស្របពេលតម្លៃលុយបាតកំពុងចុះខ្សោយ ជួយដល់បង្កើនដល់ការនាំចេញបានខ្ពស់។
ប៉ុន្តែក្នុងនោះថៃក៏កំពុងជួបបញ្ហាសង្វាក់ផ្គត់ផ្គង់មួយចំនួនផងដែរដូចជា នៅលើវិស័យយានយន្ត និងគ្រឿងអេឡិចត្រូនិកជាដើម ដែលកំពុងដែលបង្អាក់សកម្មភាពនាំចេញមួយផ្នែកធំ។ នេះបើតាមសម្ដីមន្ត្រីហិរញ្ញវត្ថុ Arkhom Terpittayapaisith បានប្រាប់នៅក្នុងសិក្ខាសាលាមួយ។
សូមជម្រាបដែរថា ការរំពឹងទុកមួយនេះគឺវាស៊ីទៅនឹងការព្យាករណ៍របស់ធនាគារកណ្ដាលដែលធ្លាប់បានបង្ហាញថា សេដ្ឋកិច្ចថៃឆ្នាំនេះអាចកើនដល់ ៣.៣%។
បន្ថែមពីនោះ អត្រាអតិផរណារបស់ប្រទេសសេដ្ឋកិច្ចធំបំផុតទី ២ នៅអាស៊ីអាគ្នេយ៍មួយនេះក៏មានទាបជាងការព្យាករណ៍កាលពីខែកញ្ញាផងដែរ ស្របពេលរដ្ឋាភិបាលបានទម្លាយថា ចង់បង្កើនការនាំចេញអង្ករសម្រាប់ឆ្នាំនេះឲ្យបានដល់ ៨ លានតោនទៀតផង៕