អ្នកឧកញ៉ា គិត ម៉េង ស្វាគមន៍ដំណើរទស្សនកិច្ចនាយករដ្ឋមន្ត្រីគុយបា ទៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាល​​តំបន់សេដ្ឋកិច្ច​ពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ បានអញ្ជើញ​ទទួល​ស្វាគមន៍លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នាយករដ្ឋមន្ត្រី​នៃសាធារណរដ្ឋគុយបា ដែលធ្វើដំណើរទស្សនកិច្ច នៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ របស់​លោក នៅ​​ថ្ងៃទី​០៥ ខែ​តុលា ឆ្នាំ២០២២នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដំណើរទស្សនកិច្ច ​របស់​គណៈប្រតិភូ​ជាន់​ខ្ពស់​​នៃ​​ប្រទេស​គុយបា​​ខាង​លើ​នេះ ​គឺ​ដើម្បី​សិក្សាស្វែងយល់ពី​កាលានុវត្តភាពធុរកិច្ច និងស្វែងរកដៃគូសហការ ខណៈ​ដែល​លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអម​នាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)​ ​​ក៏​បាន​ចូល​រួម​ផងដែរ។

តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញត្រូវបានបង្កើតទ្បើង ដើម្បីផ្តល់នូវការលើកទឹកចិត្ត និងអត្ថប្រយោជន៍ជាច្រើន ពីរដ្ឋាភិបាលដល់អ្នកអភិវឌ្ឍន៍ ប្រតិបត្តិករ និងអ្នកវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ ដូចជា ការលើកទឹកចិត្តផ្នែកពន្ធ ហើយជួយកាត់បន្ថយការចំណាយលើហេដ្ឋារចនាសម្ព័ន្ធ ទឹកភ្លើង វត្ថុធាតុដើម និងធនធានផ្សេងទៀត ដែលបង្កើនការប្រកួតប្រជែងក្នុងការនាំចេញ និងផ្តល់អត្ថប្រយោជន៍ដល់​ពាណិជ្ជកម្ម​អន្តរជាតិ។

សូម​ជម្រាប​ជូន​ថា តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ​(Royal Group Phnom Penh SEZ) មាន​ផ្ទៃ​ដី ៣៥៧​ហិកតា និង​មាន​ក្រុមហ៊ុន​អន្តរជាតិ​ជាង ៨០ មក​ពី​ ១៥​ប្រទេស​ផ្សេងៗ​គ្នា។ តំបន់សេដ្ឋកិច្ច​ពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ​​បាន​ទទួល​សិទ្ធិ​វិនិយោគ​​ពី​រាជរដ្ឋាភិបាលកម្ពុជា ​កាល​ពី​ថ្ងៃទី​១៩ ខែ​មេសា ឆ្នាំ​២០០៦។ កាលពីឆ្នាំ២០២១ កន្លងទៅ ការនាំចេញទំនិញពីរោងចក្រ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ មានទំហំទឹកប្រាក់ ៦៧៣លានដុល្លារអាមេរិក។ តំបន់សេដ្ឋកិច្ចពិសេស​​នេះ​ មាន​ទីតាំង​​នៅ​ជាប់​ផ្លូវ​ជាតិ​លេខ​៤ សង្កាត់​កន្ទោក ​ខណ្ឌ​កំបូល​ រាជធានីភ្នំពេញ ដែល​មាន​ចម្ងាយ​ត្រឹម​តែ ៨​គីឡូម៉ែត្រ ពី​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ៕