នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសំណូមពរឱ្យប្រជាពលរដ្ឋនៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប រក្សាភាពស្ងប់ស្ងាត់សិន ព្រោះគម្រោងស្តារបារាយនឹងមិនប៉ះពាល់គ្រប់គ្នានោះទេ ហើយរាជរដ្ឋាភិបាល នឹងគិតគូរឱ្យបានម៉ត់ចត់បំផុត។
ការលើកឡើងរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ខាងលើនេះ គឺបន្ទាប់ពីនៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ ប្រជាពលរដ្ឋជាច្រើនគ្រួសារ បាននាំគ្នាទៅតវ៉ានៅក្នុងសាលាឃុំព្រះដាក់ ដែលមានភូមិចំនួន៦ ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាបរួមមាន ភូមិប្រដាក ភូមិអូរទទឹង ភូមិថ្នល់ទទឹង ភូមិកន្ត្រៃ ភូមិព្រៃគ្រឹះ និងភូមិថ្នល់បណ្ដោយ ដែលពួកគាត់រស់នៅក្នុងការគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា និងមានការលើកឡើងថា អាចនឹងត្រូវរុះរើឱ្យអ្នកនៅក្នុងឃុំនេះ ចាកចេញទៅភូមិរុនតាឯក ឬភូមិថ្មីមួយផ្សេងទៀត។
ដើម្បីដោះស្រាយបញ្ហានេះ សម្តេចតេជោ ហ៊ុន សែន បានចាត់តាំង លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីចុះទៅពន្យល់ និងដោះស្រាយជូនប្រជាពលរដ្ឋផងដែរ នៅចុងសប្តាហ៍នេះ។
សម្តេចតេជោ បានថ្លែងក្នុងពិធីបើកសន្និសីទ «ចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២២» ពិភាក្សាពីការស្តារកម្ពុជាក្រោយវិបត្តិជំងឺកូវីដ១៩ នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២នេះ ថា៖ “យើងមិនទាន់មានការប៉ះពាល់ណាមួយទៅលើប្រជាជននៅឃុំព្រះដាក់នោះទេ យើងគ្រាន់តែបានគិតគូអំពីហេដ្ឋារចនាសម្ព័ន្ធរបស់អង្គរ ដែលមុននេះមានបារាយខាងកើត ដែលអាចមានទឹករហូតដល់៣០លានម៉ែត្រគីប។ សូមស្ងប់ស្ងាត់ យើងនឹងគិតគូរឱ្យម៉ត់ចត់ ខ្ញុំនឹងបញ្ជូន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា និងលោកជំទាវ ភឿង សកុណា ទៅជួបជាមួយបងប្អូននៅថ្ងៃស្អែក និងមានការជួបជុំដើម្បីពន្យល់”។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងសិក្សាអំពីលទ្ធភាពដាក់ទឹកទៅក្នុងបារាយដើម្បីទ្រទ្រង់អង្គរ។ សម្តេចបានចាត់ទុកថា ករណីនៅឃុំព្រះដាក់ជារឿងទទួលព័ត៌មានមិនច្បាស់ ធ្វើឱ្យមានការយល់ច្រឡំ ដែលរាជរដ្ឋាភិបាល មិនមានការបណ្តេញនោះទេ។ សម្តេចបានលើកឡើងថា រាជរដ្ឋាភិបាលកំពុងស្តារបាតអាង និងសិក្សាអំពីផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ហើយ ផលប៉ះពាល់នោះ មិនមែនពលរដ្ឋមួយឃុំនោះទេ៕