កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Samsung Electronics Co Ltd បានទម្លាយឲ្យដឹងថា ប្រាក់ចំណេញសម្រាប់ត្រីមាសទី ៣ ឆ្នាំនេះ មានការធ្លាក់ចុះរហូតដល់ ២៥% បើធៀបនឹងឆ្នាំទៅ ខណៈនេះគឺជាលើកតំបូងក្នុងរយៈពេលជិត ៣ ឆ្នាំចុងក្រោយដែលក្រុមហ៊ុនយក្សរកប្រាក់ចំណេញបានតិចជាងរាល់ឆ្នាំ។
យោងតាមការចុះផ្សាយពី CNA បានឲ្យដឹងថា មូលហេតុចំបងដែល Samsung ទទួលបានប្រាក់ចំណេញតិចជាងឆ្នាំទៅ ដោយសារការកើនឡើងនៃវិបត្តិអតិផរណាជាសកល ចំពេលហានិភ័យនៃវិបត្តិសេដ្ឋកិច្ចក៏កំពុងមានខ្ពស់ថែមទៀត។
បើតាមការស្រាវជ្រាវពីអ្នកជំនាញ ២២ នាក់នៅ Refinitiv SmartEstimate បានទម្លាយថា ប្រាក់ចំណេញរបស់ក្រុមហ៊ុនផលិតបន្ទះឈីប និងទូរស័ព្ទឆ្លាតវៃធំបំផុតលើលោក មានការធ្លាក់ចុះមកនៅត្រឹម ១១,៨ ទ្រីលានវ៉ុន ឬជាង ៨ ពាន់លានដុល្លារចន្លោះពីខែកក្កដា ដល់កញ្ញា។
សូមជម្រាបដែរថា ប្រាក់ចំណេញខាងលើគឺជាការធ្លាក់ចុះលើកដំបូងតាំងពីត្រីមាសទី ១ នៃឆ្នាំ ២០២០ ហើយក៏ជាប្រាក់ចំណេញរកបានតិចបំផុតប្រចាំត្រីមាសតាំងពីឆ្នាំទៅផងដែរ៕