នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Datuk Seri Ismail Sabri Yaakob បាននិយាយថា បញ្ហាទាក់ទងជាមួយនឹងការរំលាយសភា នឹងត្រូវលើកយកមកពិភាក្សាឡើងវិញ អំឡុងពេលលោកចូលគាល់ព្រះមហាក្សត្រ Yang di-Pertuan Agong នៅរាជវាំង Istana Negara នៅថ្ងៃក្រោយទៀត ។
លោក Ismail Sabri បានបញ្ជាក់ថា នៅមិនទាន់មានការសម្រេចចុងក្រោយ ជុំវិញការរំលាយសភា នៅឡើយនោះទេ ខណ:ការចូលគាល់ព្រះមហាក្សត្រ ដែលគ្រោងទុកនៅម៉ោង ៤ រសៀលថ្ងៃព្រហស្បតិ៍នេះ គឺគ្រាន់តែជាទម្លាក់ចូលគាល់ធម្មតាប្រចាំសប្តាហ៍ ដើម្បីពិភាក្សាអំពីបញ្ហាគណ:រដ្ឋមន្ត្រី មុនពេលមានកិច្ចប្រជុំគណ:រដ្ឋមន្ត្រីប៉ុណ្ណោះ ។
មិនតែប៉ុណ្ណោះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីរូបនេះ បាននិយាយថា នៅមិនទាន់ប្រាកដថានឹងត្រូវពិភាក្សាអំពីការរំលាយសភា ឬអត់នោះទេ។ ហើយប្រសិនបើបញ្ហាគណ:រដ្ឋមន្ត្រីត្រូវចំណាយពេលច្រើន ដើម្បីពិភាក្សា នោះវានឹងមិនមានពេលវាគ្រប់គ្រាន់ ដើម្បីពិភាក្សាអំពីរបៀវារ:ផ្សេងទៀតនោះឡើយ ។
យ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថា កិច្ចប្រជុំនេះត្រូវបានរំពឹងទុកថា នឹងមានរយៈពេលយូរជាងធម្មតានៅថ្ងៃនេះ ដោយសារមានបញ្ហាជាច្រើន ដែលលោកត្រូវពន្យល់ដល់ព្រះមហាក្សត្រ។
មិនតែប៉ុណ្ណោះ ជុំវិញការតវ៉ារបស់រដ្ឋមន្ត្រី មកពីគណបក្សប្រឆាំង Perikatan Nasional (PN) ដែលបានបង្ហាញពីគោលជំហររបស់ខ្លួន ក្នុងការជំទាស់លើការរំលាយសភា និងការបោះឆ្នោតសកលលើកទី ១៥ (GE15) នៅឆ្នាំនេះ លោក Ismail Sabri បាននិយាយថា ពួកគេមានសិទ្ធិក្នុងការបញ្ចេញមតិរបស់ពួកគេ ប៉ុន្តែយ៉ាងណាក៏ដោយ វាគឺស្ថិតនៅលើព្រះមហាក្សត្រទេ ដែលមានអំណាចដាច់ខាតក្នុងការសម្រេចចិត្តលើរឿងនេះ ។
លើសពីនេះ វាត្រូវបានគេរាយការណ៍ទៀតថា សមាជិកខុទ្ទកាល័យរបស់ លោក Ismail Sabri ចំនួន ១២ នាក់ពីគណបក្ស Bersatu និង PAS មិនយល់ស្របឱ្យមានការរៀបចំបោះឆ្នោត GE15 នៅឆ្នាំនេះឡើយ ដោយលើកហេតុផលចំពេលរដូវមានទឹកជំនន់ ហើយថែមទាំងបានសរសេរសំបុត្រ ផ្ញើទៅកាន់ព្រះមហាក្សត្រ Yang di-Pertuan Agong ដើម្បីបង្ហាញពីជំហររបស់ពួកគេទៀតផង ៕