កម្ពុជា-កូរ៉េ ជួបគ្នាដោះស្រាយបញ្ហាសាងសង់ផ្លូវជាតិលេខ២ និងលេខ២២

សង្គម​ និង​សេដ្ឋកិច្ច

ក្នុងជំនួបពិភាក្សាការងារ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២នេះ កម្ពុជា និងកូរ៉េ បានលើកយកបញ្ហាប្រឈមដែលបានកើតឡើងមកជជែកពិភាក្សាស្វែងរកដំណោះស្រាយរួមគ្នា ដើម្បីជំរុញឱ្យការអនុវត្តគម្រោងធ្វើឱ្យប្រសើឡើងវិញផ្លូវជាតិលេខ២ និងលេខ២២អាចសម្រេចបាននូវលទ្ធផលល្អប្រកបដោយគុណភាព និងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានណែនាំដល់ក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវបន្តអនុវត្តការងារ និងដោះស្រាយបញ្ហាប្រឈមដែលបានកើតឡើងដោយស្មារតីទទួលលខុសត្រូវខ្ពស់ និងមិនបណ្តែតបណ្តោយឱ្យបញ្ហាប្រឈមទាំងអស់ជះផលប៉ះពាល់ដល់ការអនុវត្តគម្រោងការងារ ដែលជាកត្តាអវិជ្ជមានធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើរ ការរស់នៅ និងការប្រកបអាជីវកម្មរបស់បងប្អូនប្រជាពលរដ្ឋនៅតាមបណ្តោយផ្លូវនេះ។

ជាមួយគ្នានេះផងដែរ លោក Park Heung-Kyeong ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំនៅកម្ពុជា បានបង្ហាញនូវឆន្ទៈយ៉ាងមុតមាំក្នុងការសហការឱ្យបានជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីធានា និង​ជំរុញ​ឱ្យការអនុវត្តគម្រោងសម្រេចបានជោគជ័យប្រកបដោយគុណភាព និងត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសសាងសង់ដែលបានកំណត់នៅក្នុងសៀវភៅបន្ទុកការងារ។

គួររម្លឹកដែរថា គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ២ និងលេខ២២នេះ ប្រើប្រាស់ថវិកា ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០។

ផ្លូវជាតិលេខ ២ ដែល​មានប្រវែងសរុបចំនួន៦២,៥៦គីឡូម៉ែត្រ គិតចាប់ពីរង្វង់មូល​តាខ្មៅ-អូរចំបក់ ដល់​រង្វង់​មូល​ក្រុង​ដូនកែវ ខេត្ត​តាកែវ និង​ផ្លូវជាតិ​លេខ ២២ មាន​ប្រវែង​សរុប​ចំនួន ៩,៦១ គីឡូម៉ែត្រ ចាប់​គិត​ពីរង្វង់មូល​ក្រុងដូនកែវ ដល់​អង្គតាសោមផ្លូវជាតិ​លេខ ៣ ទទួលខុសត្រូវ​ស្ថាបនា​ដោយ​ក្រុមហ៊ុន​កូរ៉េ Hanshin ៕