កាលពីពេលថ្មីៗនេះ មានលេចលឺចចាមអារ៉ាមថា មហាសេដ្ឋីមានបំផុតទី ២ នៅអាស៊ី Mukesh Ambani កំពុងពិចារណាបើកការិយាល័យលក្ខណៈគ្រួសារនៅប្រទេសសិង្ហបុរី។ នេះបើតាមប្រភពជិតស្និទ្ធមួយបានលើកឡើង។
ដោយឡែក The Straits Times ក៏បានចុះផ្សាយទៀតថា មេធំ Reliance Industries បានបញ្ជាឲ្យមេការជាច្រើនចាប់ផ្ដើមប្រកាសរើសបុគ្គលិក ដើម្បីបម្រើការងារនៅការិយាល័យថ្មីនេះ ស្របពេល Ambani ក៏បានទិញអចលនទ្រព្យដើម្បីធ្វើជាការិយាល័យថ្មីផងដែរ។
សូមជម្រាបដែរថា មួយរយៈកាលចុងក្រោយនេះ ក្រុមអ្នកជំនួញ និងក្រុមហ៊ុនធំៗជាច្រើនហាក់ចាប់អារម្មណ៍មកបង្កើតការិយាល័យបែបគ្រួសារនៅទីក្រុងសាំងហ្គាពួរ ដោយសារការបន្ធូរបន្ថយលើការបង់ពន្ធ និងធានាយ៉ាងហ្មត់ចត់លើផ្នែកសុវត្ថិភាព។
យ៉ាងណា បើទោះបីជាសិង្ហបុរីបានអូសទាញវិនិយោគិនខ្នាតយក្សជាច្រើនមកបណ្ដាក់ទុនក្នុងស្រុកក៏ពិតមែន ប៉ុន្តែជាមួយគ្នានោះតម្លៃទំនិញដូចជា ម្ហូបអាហារ ឡាន និងវត្ថុប្រើប្រាស់ផ្សេងៗមានការកើនឡើងដូចគ្នា ដោយសារតម្រូវការដ៏ច្រើនលើសលប់៕