ADB អនុម័តប្រាក់កម្ចីជិត ២ ពាន់លានដុល្លារ ជួយហ្វីលីពីន សម្រេចគម្រោងសង់ផ្លូវដែកមួយខ្សែ

អន្តរជាតិ

ធនាគាអភិវឌ្ឍអាស៊ី ហៅកាត់ ADB ថ្មីៗនេះ បាននិយាយថា នាយកដ្ឋានដឹកជញ្ជូនហ្វីលីពីន បានចុះហត្ថលេខាលើកិច្ចសន្យាចំនួន ៤ ដែលមានទឹកប្រាក់សរុបចំនួន ១,៨៧ ពាន់លានដុល្លារ សម្រាប់គម្រោងសាងសង់ផ្លូវដែក South Commuter Railway Project ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ធនាគារដែលមានមូលដ្ឋាននៅទីក្រុងម៉ានីលមួយនេះ បាននិយាយថាគម្រោងផ្លូវដែកនេះ គឺមានប្រវែង ៥៥ គីឡូម៉ែត្រ ដោយនឹងត្រូវតភ្ជាប់ពីស្ថានីយ៍ Metro Manila ទៅកាន់ទីក្រុង Calamba ក្នុងខេត្ត Laguna ហើយគម្រោងនេះ ត្រូវបានផ្តល់ហិរញ្ញប្បទាន ៤,៣ ពាន់លានដុល្លារអាមេរិក ជាប្រាក់កម្ចី ដែលត្រូវបានអនុម័តដោយ ADB ក្នុងខែមិថុនាឆ្នាំ ២០២២ ។

អគ្គនាយករង ADB ប្រចាំតំបន់អាស៊ីអាគ្នេយ៍ លោក Winfried Wicklein បាននិយាយក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យា នៅទីក្រុង Calamba ថា គម្រោង South Commuter Railway នឹងបើកឱកាសយ៉ាងធំធេង សម្រាប់សមាហរណកម្មសេដ្ឋកិច្ច នៅទូទាំងទីក្រុងម៉ានីល និងខេត្តជិតខាង ហើយវាអាចបង្កើតផលវិជ្ជមានយ៉ាងសំខាន់លើសេដ្ឋកិច្ចក្នុងស្រុក ។

លើសពីនេះ លោក Winfried បានបន្ថែមទៀតថា គម្រោងនេះ នឹងពង្រឹងការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេស ជាមួយនឹងការបង្កើតការងារសំណង់រហូតដល់ ៣ ៥០០០ កន្លែង និងការងារអចិន្ត្រៃយ៍ជាង ៣ ០០០ កន្លែង ក្នុងអំឡុងពេលប្រតិបត្តិការផ្លូវដែក។

ទន្ទឹមនឹងនេះ នៅពេលគម្រោងបញ្ចប់ជា​ស្ថាពរ​ ADB បាននិយាយថា ផ្លូវដែកនេះ នឹងផ្តល់នូវការដឹកជញ្ជូនសាធារណៈ ដែលមានតម្លៃសមរម្យ សុវត្ថិភាព និងរហ័ស ដែលអាចជួយសម្រួលដល់ការកកស្ទះចរាចរណ៍លើផ្លូវគោក និងកាត់បន្ថយការបញ្ចេញឧស្ម័នពុលជាង ២៨៤ ០០០ តោន ជារៀងរាល់ឆ្នាំ នៅពេលដែលអ្នកដំណើរប្តូរពីផ្លូវថ្នល់ ទៅកាន់ផ្លូវដែកវិញនោះ ៕