លោកស្រី លី ដាលីន ពាណិជ្ជករវ័យក្មេងមួយរូបប្រសូតចេញពីគ្រួសារអភិជន ស្ថិតនៅក្រុងភ្នំពេញ និងជាកូនប្រសារថ្នាក់ដឹកនាំកំពូលម្នាក់ក្នុងជួរមន្ត្រីរាជរដ្ឋាភិបាល។
លោកស្រីជាអគ្គនាយកក្រុមហ៊ុន Cham & Ly Corporation ដែលបានទិញសិទ្ធិអាជីវកម្មហាងនំបុ័ងអន្តរជាតិដ៏ល្បីល្បាញ BreadTalk នៅប្រទេសសិង្ហបុរី មកប្រកួតទីផ្សារកម្ពុជា កាលពីឆ្នាំ២០១៤។
ក្រៅពីហាងនំប័ុង BreadTalk លោកស្រី លី ដាលីន ក៏បានវិនិយោគទៅលើវិស័យសាងសង់លំនៅដ្ឋានផងដែរ។ គម្រោងទីមួយរបស់លោកស្រី មានឈ្មោះ បុរី The Residence ក្នុងនាមជាអគ្គនាយិកាក្រុមហ៊ុន Daline Property Development Co. Ltd.។ គម្រោងអភិវឌ្ឍបុរីមួយនេះ ស្ថិតនៅតាមបណ្ដោយផ្លូវ ៧មករា (៦០ម៉ែត្រ) ដែលជាតំបន់មានសក្តានុពល និងការអភិវឌ្ឍន៍ទីក្រុងទំនើបនៅភាគខាងត្បូងរាជធានី។
តាមសេចក្តីរាយការណ៍ជាច្រើន ដែលសារព័ត៌មានឧកញ៉ាញូស៍ (Oknha News) ទទួលបាន លោកស្រី លី ដាលីន ជាប្អូនឧកញ៉ា លី ហុង ថៅកែសណ្ឋាគារលំដាប់ផ្កាយ ទល់មុខផ្សារទំនើប អ៊ីអនម៉លភ្នំពេញទី១ ឈ្មោះ The Penthouse Resident ដែលចំណាយទុនវិនិយោគ ៣០លានដុល្លារ។ ស្វាមីលោកស្រី គឺ លោក ចម បូរិទ្ធ អនុរដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាកូនប្រុសលោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធិ។
ចំណងអាពាហ៍ពិពាហ៍រវាងលោកស្រី និងលោក ចម បូរិទ្ធបង្កើតបានចំណងដៃបុត្រាបុត្រីចំនួន ៣នាក់ ក្នុងនោះស្រី២នាក់។
សូមជម្រាបបន្តិចថា ហាងនំបុ័ង BreadTalk របស់លោកស្រីជានិច្ចកាលតែងតែផ្តល់នូវការស្រឡាញ់កុមារ និងចាស់ជរាគ្មានទីពឹងនៅអង្គការមូលនិធិកុមារកម្ពុជា(CCF) តាមរយៈការឧបត្ថម្តគ្រឿងឧបភោគបរិភោគនិងថវិកាជាដើម៕