កំពង់​ផែ​ទេសចរណ៍​ខេត្ត​កំពត នឹងក្លាយជាច្រកទ្វារអន្តរជាតិដ៏សំខាន់ថ្មីមួយទៀតរបស់កម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

គិតមកដល់ពេលនេះ កំពង់ផែទេសចរណ៍ខេត្តកំពត បានសាងសង់បញ្ចប់ជាស្ថាពរហើយ។ទន្ទឹមគ្នានេះ ភាគី​​ពាក់ព័ន្ធ បានបង្ហាញក្តីរំពឹងទុកថា កំពង់ផែដែលមានតម្លៃជិត២០លានដុល្លារ​នេះ​នឹង​ក្លាយ​ជាច្រក​ទ្វារ​​អន្តរជាតិដ៏សំខាន់ថ្មីមួយទៀតរបស់កម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បន្ទាប់ពីការសាងសង់រួចរាល់កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋ​មន្ត្រី​ក្រសួងសេដ្ឋកិច្ច ,ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ, និងឯកឧត្តម ថោង ខុន រដ្ឋ​មន្ត្រីក្រសួងទេសចរណ៍ ក៏បានចុះទៅពិនិត្យដោយផ្ទាល់ និងពិភាក្សាលើការងារមួយចំនួន ដើម្បី​ដាក់​ឱ្យ​ដំណើរ​ការកំពង់ផែនេះនាពេលដ៏ខ្លីខាងមុខ។

ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យ​ដឹង​ថា ដំណើរ​ទស្សន​កិច្ច​នេះ​ធ្វើឡើងដើម្បីពិនិត្យវឌ្ឍនភាពនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរបស់កំពង់​ផែ និង​ផ្តល់​អនុសាសន៍​សំខាន់ៗ​ដែលជាដំណោះស្រាយចាំបាច់លើបញ្ហាប្រឈមមួយ​ចំនួន ដើម្បី​ឱ្យ​កំពង់​ផែ​នេះ​អាច​ដំណើការ​បាន​ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់។

ឯកឧត្តមបន្តថា កំពង់ផែនេះ នឹងក្លាយជាច្រកទ្វារអន្តរជាតិដ៏សំខាន់ថ្មីមួយទៀតរបស់​កម្ពុជា សម្រាប់​ទទួល​ភ្ញៀវ​ទេសចរជាតិ និងអន្តរជាតិ ដែលមានបំណងធ្វើដំណើរកម្សាន្តតាមផ្លូវទឹក និង​ផ្លូវ​សមុទ្រ​រវាង​កម្ពុជា​ ជាមួយបណ្តាប្រទេសក្នុងតំបន់ និងអន្តរជាតិ។

គួរបញ្ជាក់ថា កំពង់ផែបម្រើផ្នែកទេសចរណ៍ដ៏ធំនៅក្នុងខេត្តកំពត​នេះ ស្ថិត​នៅ​ជាប់​នឹង​ដង​ព្រែក​ដែល​ជា​ដៃ​សមុទ្រ​ ស្ថិតក្នុងស្រុគទឹកឈូ មានចម្ងាយប្រមាណ៦គីឡូម៉ែត្រ ពីក្រុងកំពត។ កំពង់ផែទេសចរណ៍សមុទ្រនេះ សាងសង់ឡើងលើដីទំហំជាង ៤ហិក​តា ត្រូវ​បាន​ចាប់​ផ្តើម​សាង​សង់​កាល​ពី​ឆ្នាំ២០១៨ ហើយបញ្ចប់ការសាងសង់ទាំងស្រុងនៅចុងខែមិថុនា ឆ្នាំ២០២២។

កំពង់ផែទេសចរណ៍ខេត្តកំពត ត្រូវបានសាងសង់ឡើងក្រោមកម្ចីថវិការបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ​ជាង​ ១៨លានដុល្លារអាមេរិក។ ដំណើរការសាងសង់ដោយក្រសួងសាធារណការ និងដឹកជញ្ជូន។

កំពង់ផែទេសចរណ៍ខេត្តកំពត អាចភ្ជាប់ទៅនឹងកំពង់ផែក្នុងខេត្តព្រះសីហនុ ខេត្តកោះកុង ​កោះរ៉ុង ហើយ​ក៏​ភ្ជាប់ទៅកំពង់ផែកោះត្រល់ និងកំពង់ដទៃទៀតនៅប្រទេសវៀតណាម និងប្រទេសថៃផងដែរ៕