គិតត្រឹមរយៈពេល៩ខែ ក្នុងឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញស្រូវ និងអង្ករ ទៅកាន់ទីផ្សារបណ្តារប្រទេសចំនួន១០នេះច្រើនជាងគេ និងបានទទួលចំណូលបានជិត ៨៥០លានដុល្លារអាមេរិក។នេះបើតាមរបាយកាណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា កាលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ។
សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា ការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ សម្រាប់រយៈពេល ៣ត្រីមាសកើនបាន១០% ដែលមានបរិមាណសរុបចំនួន ៤៤៩ ៣២៥ តោន ដែលគិតជាទឹកប្រាក់មានចំនួន ២៨៦.៩០ លានដុល្លារសហរដ្ឋអាមេរិក។
ក្នុងនោះដែរ រយៈពេល៩ខែនៃឆ្នាំ២០២២នេះ ប្រទេសកម្ពុជា បាននាំចេញអង្ករគ្រប់ប្រភេទបានចំនួន ៤៤៩ ៣២៥តោន ទៅកាន់គោលដៅចំនួន៥៥ដែលក្នុងនោះ ប្រទេសចំនួន៩បានគ្របដណ្តប់លើទីផ្សារនាំចេញកម្ពុជាជាង ៨២% ដែលរួមមាន៖ សាធារណៈរដ្ឋប្រជាមានិតចិន៤៤.០៩% ប្រទេសបារាំង១៤.៨៣% ប្រទេម៉ាឡេស៊ី ៥.៥៨% ប្រទេសហូឡង់ ៤.៦៥% ប្រទេសអ៊ីតាលី ២.៦៥% ប្រទេសហ្កាប៊ុង២.៦៣% ប្រទេសព្រុយណេ២.៤៤% ចក្រភពអង់គ្លេស ២.៤៥% និងប្រទេសអាល្លឺម៉ង់ ២.០៨%។
ជាងនេះទៀត ប្រភេទអង្ករក្រអូបប្រណិតចំនួន ៣៩% ឬ ១៧៧ ៤៨១តោន អង្ករសែនក្រអូបចំនួនជិត២៩% ឬ១២៨ ៧៥៣តោន អង្ករសគ្រាប់វែងចំនួនជិត ២៨% ឬ ១២៣ ៣១៨តោន អង្ករចំហុយជាង ២% ឬ ១០ ៦៨០តោន អង្ករសរីរាង្គចំនួនជិត ២% ឬ ៨ ១០៦តោន។
ដោយឡែក ចំពោះការនាំចេញស្រូវ របស់កម្ពុជា បានចំនួន ២,៣៥៧,៦៧៤ តោន ដែលមានតម្លៃប៉ាន់ស្មានប្រមាណចំនួនជា ៥៦៣.៥៤ លាន ដុល្លារសហរដ្ឋអាមេរិក ត្រូវបាននាំចេញទៅប្រទេសវៀតណាម ក្នុងរយៈពេល៩ខែនៃឆ្នាំ២០២២៕