រដ្ឋាភិបាលទីក្រុងហូជីមិញ បញ្ជូនរថយន្តដឹកប្រេង ៨០ ទៅផ្គត់ផ្គង់តាមស្ថានីយ៍ ក្រោយពលរដ្ឋត្អូញត្អែរ

អន្តរជាតិ

ថ្មីៗនេះ រដ្ឋាភិបាលទីក្រុងហូជីមិញ បានបញ្ជូនរថយន្តដឹកប្រេងចំនួន ៨០ គ្រឿង ដើម្បីទៅធ្វើការផ្គត់ផ្គង់តាមស្ថានីយ៍ប្រេងឥន្ធន:នៅទូទាំងក្រុង ចំពេលមានការត្អូញត្អែរអំពីការដាច់ស្តុក ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អគ្គនាយករងនៃនាយកដ្ឋានឧស្សាហកម្ម និងពាណិជ្ជកម្មទីក្រុង លោកស្រី Nguyen Thi Kim Ngoc បាននិយាយថា រថយន្តដឹកប្រេង ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Petrolimex HCMC បានចាប់ផ្តើមបញ្ជូនចេញទៅចែកចាយប្រេងនៅតាមស្ថានីយ៍ប្រេងឥន្ធន:ផ្សេងៗរបស់ក្រុមហ៊ុន ។

មិនតែប៉ុណ្ណោះ លោកស្រី Nguyen បាននិយាយទៀតថា នាយកដ្ឋានក៏នឹងជំរុញឱ្យក្រុមហ៊ុនផ្គង់ផ្គង់ប្រេងផ្សេងទៀត បង្កើនការដឹកជញ្ជូនប្រេងរបស់ពួកគេ ទៅកាន់អ្នកលក់រាយផងដែរ ដើម្បីបំពេញតម្រូវការពលរដ្ឋ ។

គួរឱ្យដឹងថា យ៉ាងហោចណាស់ ស្ថានីយ៍ប្រេងឥន្ធនៈចំនួន ៥៤ នៅក្នុងទីក្រុង បានរាយការណ៍អំពីការអស់ទាំងប្រេងសាំង និងម៉ាស៊ូត គិតត្រឹមថ្ងៃអាទិត្យ ហើយសាធារណជនមិនសប្បាយចិត្តចំពោះបញ្ហានេះឡើយ ។

កង្វះខាតប្រេងឥន្ធនៈ បានក្លាយជាការឈឺក្បាលដដែលៗ សម្រាប់អាជ្ញាធរ ក្នុងពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណ:អ្នកលក់រាយនិយាយថាតម្លៃលក់រាយ ដែលត្រូវបានកំណត់ដោយរដ្ឋាភិបាល គឺបានបង្ខំឱ្យពួកគេលក់ទាំងខាតបង់។

អ្នកលក់រាយនៅក្នុងទីក្រុងហូជីមិញ និយាយថា ពួកគេបានខាតបង់ពី ១០០ ទៅ ៣០០ លានដុង (៤ ១៦៦-១២ ៥០០ ដុល្លារ) សម្រាប់ស្ថានីយ៍ប្រេងឥន្ធនៈតូចៗ និង ៥០០ លានដុង សម្រាប់ស្ថានីយ៍ប្រេងឥន្ធនៈធំ ដោយសារតែកម្រៃជើងសារទាប ហើយពួកគេប្រហែលជាអាចត្រូវបិទទ្វារផងដែរ ប្រសិនបើអ្វីៗនៅតែមិនប្រសើរឡើងក្នុងសប្តាហ៍នេះ ៕