ក្នុងជំនួបពិភាក្សាការងារជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ លោក Stefan Anton Messerer ឯកអគ្គរដ្ឋទូតថ្មី អាល្លឺម៉ង់ ប្រចាំកម្ពុជា បានបញ្ជាក់ប្រាប់សម្ដេចតេជោថា ក្នុងបេសកកម្មការទូតនេះ លោក និងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ធ្វើយ៉ាងណាជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេស នឹងប្រឹងប្រែងជំរុញឲ្យមានការវិនិយោគកាន់តែខ្លាំងឡើងមកកាន់កម្ពុជា។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន គូសបញ្ជាក់ពីរដ្ឋាភិបាលអាល្លឺម៉ង់ ដែលបានជួយដល់កម្ពុជា ហើយរាល់ការជោគជ័យរបស់កម្ពុជា ការអភិវឌ្ឍរបស់កម្ពុជា មិនអាចកាត់ផ្ដាច់ជំនួយរបស់ប្រទេសអាល្លឺម៉ង់ទេ ជាពិសេស ថ្មីៗនេះ ជំនួយរបស់អាល្លឺម៉ង់ បានជួយកម្ពុជា ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
គួររំលឹកថា កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ រដ្ឋាភិបាលអាល្លីម៉ង់ ចុះហត្ថលេខាសន្យាផ្តល់ឥណទានសម្បទានថ្មីបន្ថែមទៀតចំនួន ៣០លានអឺរ៉ូ (ប្រមាណជាង៣១លានដុល្លារ) សម្រាប់គម្រោងប្រសិទ្ធភាពថាមពល និងការផ្គត់ផ្គង់អគ្គិសនីតាមទីជនបទដំណាក់កាលទី២។
តាមរយៈធនាគារអភិវឌ្ឍន៍អាល្លីម៉ង់ (kfw) រដ្ឋាភិបាលអាល្លីម៉ង់ ក៏បានផ្តល់ជំនួយចំនួន ៣០លានអឺរ៉ូ ម្តងរួចមកហើយនៅឆ្នាំ២០១៩ សម្រាប់អនុវត្តគម្រោងប្រសិទ្ធភាពថាមពល និងការផ្គត់ផ្គង់អគ្គិសនីជនបទដំណាក់កាលទី១។
ក្រៅពីនេះ នៅឆ្នាំ២០២០ ធនាគារនេះ បានផ្តល់ហិរញ្ញប្បទានចំនួន ៣០លានអឺរ៉ូ បន្ថែមទៀត សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅជនបទក្នុងប្រទេសកម្ពុជា៕