ក្រុមហ៊ុនអ្នកមានបំផុតនៅអាស៊ី កំពុងចរចាទិញយករោងចក្រស៊ីម៉ងត៍ក្នុងស្រុកតម្លៃជាង ៦០០ លានដុល្លារ

អន្តរជាតិ

កាលពី​ពេលថ្មីៗនេះ ក្រុមហ៊ុន Adani Group របស់​មហាសេដ្ឋីមានបំផុតនៅអាស៊ី Gautam Adani គឺ​កំពុង​ចរចាជាមួយ​ក្រុមហ៊ុន​ខ្នាតយក្ស​ប្រចាំ​ឥណ្ឌា Jaiprakash Group ដើម្បី​ចង់​ទិញ​យក​អាជីវកម្ម​ផលិត​ស៊ីម៉ងត៍​របស់​ពួកគេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម​សារព័ត៌មាន BNN បាន​ចុះផ្សាយ​ថា Adani មាន​បំណង​ចង់​ទិញ​យក​រោងចក្រស៊ីម៉ងត៍​នៃ​ក្រុមហ៊ុន​យក្ស Jaiprakash Group ក្នុង​តម្លៃ​ប្រហែល ៥០ ពាន់​លាន​រូពី ឬ​ប្រមាណ ៦០៦ លាន​ដុល្លារ។

បើសិនជា​ការ​ចរចា​មួយ​នេះ​ទទួល​បាន​ជោគជ័យ នោះ Adani Group នឹង​ក្លាយជា​ស្ដេចត្រាញ់​សម្រាប់​អាជីវកម្ម​លើ​ការ​ផលិត​ស៊ីម៉ងត៍​ក្នុង​ស្រុក​តែម្ដង ដ្បិត​កន្លង​មក​មហាសេដ្ឋីឥណ្ឌា​ធ្លាប់​ជះលុយ​អស់​រាប់​រយ​លាន​ដុល្លារ​លើ​ការ​ពង្រីក​ខ្លួន​ចំពោះ​វិស័យ​មួយ​នេះ។

សូមជម្រាប​ដែរថា Adani Group ធ្លាប់​បាន​បង្ហើប​កាលពីខែមុន​ថា ពួកគេ​មាន​បំណង​ចង់​ផលិត​ស៊ីម៉ងត៍​ឲ្យ​បាន​រហូតដល់ ១៤០ លាន​តោន​ក្នុង​រយៈពេល​ ៥ ឆ្នាំ និង​មាន​គម្រោង​ជះលុយ​ប្រមាណ ២០០ ពាន់​លាន​រូពី​បន្ថែម​ទៀត​លើ​មុខជំនួញ​ថ្មី​មួយ​នេះ៕