សហរដ្ឋអាមេរិក រួមជាមួយមេដឹកនាំរបស់ក្រុមប្រទេស G7 នឹងបើកកិច្ចប្រជុំមួយ នៅថ្ងៃអង្គារនេះ ជាមួយប្រធានាធិបតិអ៊ុយក្រែន លោក Volodymyr Zelenskyy ដើម្បីពិភាក្សាគ្នាអំពីវិបត្តិផ្សេងៗ ដែលបានកើតឡើង នាពេលថ្មីៗនេះ ។
កិច្ចប្រជុំបន្ទាន់នេះ បានកើតឡើងត្រឹមមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមីស៊ីលរុស្ស៊ីជាង ៨០ គ្រាប់ បានវាយប្រហារទៅលើទីក្រុងនានារបស់អ៊ុយក្រែន ក៏ដូចជាបានវាយប្រហារនៅចំកណ្តាលទីក្រុងគៀវ ជាលើកដំបូងក្នុងរយ:ពេលជាច្រើនខែកន្លងមកនេះ ។
បើតាមការបញ្ជាក់ពីមន្ត្រីរបស់អ៊ុយក្រែន បានបង្ហាញឱ្យដឹងថា ការវាយប្រហារដ៏ធំនេះ បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១៩ នាក់ស្លាប់ និង ១០៥ នាក់ផ្សេងទៀត រងរបួស ។
ជុំវិញបញ្ហានេះផងដែរ ថ្នាក់ដឹកនាំរបស់អាល្លឺម៉ង់ ដែលបច្ចុប្បន្នកាន់តំណែងជាប្រធានប្តូរវេនរបស់ G7 បាននិយាយថា ប្រធានាធិបតីអ៊ុយក្រែន លោក Zelenskyy ត្រូវការការគាំទ្រពីប្រទេសអាល្លឺម៉ង់ និងរដ្ឋផ្សេងទៀតនៃ G7 ហើយបានយល់ព្រមលើការរៀបចំការប្រជុំបន្ទាន់មួយនៅថ្ងៃនេះ ។
ជាងនេះទៅទៀត ប្រធានាធិបតីអាមេរិក លោក Joe Biden ក៏បាននិយាយជាមួយលោក Zelenskyy ផងដែរ ហើយថែមទាំងបានសន្យាថា នឹងបញ្ជូនប្រព័ន្ធការពារដែនអាកាសកម្រិតខ្ពស់ ទៅកាន់អ៊ុយក្រែន បន្ទាប់ពីទទួលរងការវាយប្រហារនេះ ។
មិនតែប៉ុណ្ណោះ នៅក្នុងកិច្ចប្រជុំបន្ទាន់មួយរបស់មហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទ ឯកអគ្គរដ្ឋទូតអ៊ុយក្រែន លោក Sergiy Kyslytsya បានចាត់ទុកប្រទេសរុស្ស៊ីថាជា “រដ្ឋភេរវករ” បន្ទាប់ពីរដ្ឋាភិបាលទីក្រុងម៉ូស្គូ បើកការវាយប្រហារដោយមីស៊ីលយ៉ាងសម្បើម មកលើទីក្រុងជាច្រើន នៅទូទាំងប្រទេសអ៊ុយក្រែន ក្រោយចោទប្រកាន់ថារដ្ឋាភិបាលអ៊ុយក្រែន ជាអ្នកនៅពីក្រោយការបំផ្លាញស្ពាន ដែលតភ្ជាប់ពីរុស្ស៊ីទៅកាន់តំបន់គ្រីមៀ ៕